
ចំណែកប្រទេសនៅសល់ត្រូវបានលោក ស្កុត បេសេន (Scott Bessent) រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិក ព្រមានថា ប្រទេសជាង១០០ ដែលយឺតយ៉ាវក្នុងការចរចារជាមួយអាម៉េរិកនឹងរងការអនុវត្តពន្ធបដិការពេញទំហឹងយ៉ាងយូរត្រឹមថ្ងៃទី១ ខែសីហា ខណៈឱសានវាទនឹងដល់នៅថ្ងៃទី៩ ខែកក្កដា។
លោក ស្កុត បេសេន រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានក្រើនរំលឹកដល់ប្រទេសដែលមិនទាន់ចរចាជាមួយអាម៉េរិកថា ការពន្យារពេលការអនុវត្តពន្ធបដិការចំនួន៩០ថ្ងៃនឹងដល់ឱសានវាទនៅថ្ងៃទី៩ ខែកក្កដា ហើយការអនុវត្តយ៉ាងយូរបំផុតមិនឱ្យលើសពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឡើយ។ លោក ស្កុត បានព្រមានថា ប្រទេសដៃគូពាណិជ្ជកម្មដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងគំនាបពន្ធចន្លោះពី១០% រហូតដល់៧០%។
ការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសដៃគូសម្រេចបានប្រមាណជិត២,៤ទ្រីលានដុល្លារ ក្នុងនោះអាម៉េរិក នាំចេញមានតម្លៃជាង៨៩៦ពាន់លានដុល្លារ ខណៈអាម៉េរិក នាំចូលមកពីប្រទេសដៃគូមានទំហំ១,៥ទ្រីលានដុល្លា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការលើប្រទេស និងតំបន់ជាង១៨០ តែមានប្រទេសប្រមាណ១៨ប៉ុណ្ណោះ ដែលបានខិតខំចរចាជាមួយអាម៉េរិក ក្នុងនោះក៏មានកម្ពុជា ផងដែរ៕
ដោយៈ សរ សុជាតិ