ប្រាសាទតាមាន់ និងប្រាសាទតាក្របី

ជាង១ខែមានពលរដ្ឋខ្មែរជាង២ម៉ឺននាក់បានទៅទស្សនាប្រាសាទដែលកំពុងមានជម្លោះជាមួយថៃ


នៅក្នុងរយៈពេលជាង១ខែកន្លងមកនេះ ពោលគឺគិតពីដើមខែមិថុនា ដល់ពាក់កណ្តាលខែឧសភា មានប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់បានធ្វើដំណើរទៅលេងកម្សាន្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាតំបន់កំពុងមានជម្លោះជាមួយប្រទេសថៃ។ អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានចាត់ទុកកំណើនពលរដ្ឋខ្មែរទៅកម្សាន្តនៅតំបន់កំពុងមានជម្លោះជាមួយថៃនេះ ជាការបង្ហាញពីការសាមគ្គីភាពរបស់ពលរដ្ឋខ្មែរក្នុងការការពារទឹកដី និងកេរដំណែលរបស់បុព្វបុរសខ្មែរ ហើយវាក៏ជាលើកទឹកចិត្តដល់កងកម្លាំង ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។
ប្រាសាទតាមាន់ និងប្រាសាទតាក្របី
ដោយ

លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ មានប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាទៅលេងកម្សាន្តនៅទីតាំងប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលកំពុងមានជម្លោះ។ ក្រោយឃើញមានប្រជាពលរដ្ឋមានទំនោរទៅលេងតាមតំបន់ជម្លោះកើនឡើង លោកហាក់បង្ហាញភាពសប្បាយរីករាយ ព្រោះកន្លងមកទីតាំងប្រាសាទតាមាន់ និងប្រាសាទផ្សេងទៀតស្ថិតនៅតំបន់ជម្លោះព្រំដែន ភាគច្រើនមានពលរដ្ឋថៃទៅលេងកម្សាន្តច្រើនជាងពលរដ្ឋខ្មែរ។

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា នៅមួយរយៈពេលក្រោយកើតមានជម្លោះព្រំដែនកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ចំនួនពលរដ្ឋចាប់ផ្ដើមធ្វើដំណើរទៅលេងនៅខេត្តឧត្តរមានជ័យ ពិសេសនៅតំបន់ប្រឈមមុខដាក់គ្នាជាមួយភាគីថៃមានចំនួនច្រើនកុះករ។ បើតាមអ្នកជំនាញរូបនេះ ការមានទំនោរទៅលេងតាមតំបន់ប្រាសាទដែលជាមរតករបស់ដូនតាខ្មែរ ហើយស្ថិតនៅដែនដីអធិបតេយ្យភាពកម្ពុជាទៀតសោត បានបង្ហាញពីចេតនាការពារ ក៏ដូចជាបញ្ជាក់ពីភាពស្របច្បាប់នៃប្រជាជាតិខ្មែរទាំងមូល ដែលមានសិទ្ធិទៅទស្សនាតំបន់ជម្លោះទាំងនោះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យបានថ្លែងប្រាប់សារព័ត៌មានខេមបូណូមីសថា ចាប់តាំងពីមានព្រឹត្តិការណ៍ទាហានថៃឆ្មក់ចូលបាញ់ទាហានខ្មែរស្ថិតនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងមក ប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបង្ហាញស្មារតីជាតិនិយម ហើយបាននាំគ្នាមកទស្សនាតំបន់ប្រាសាទតាមាន់ និងតាក្របី គិតចាប់ពីដើមខែមិថុនា រហូតដល់ពាក់កណ្ដាលខែកក្កដា នេះ មានចំនួនជាង២ម៉ឺននាក់។ លោកបានចាត់ទុកកំណើនពលរដ្ឋទៅទស្សនាប្រាសាទនៅតំបន់មានជម្លោះនេះ បានឆ្លុះបញ្ចាំងពីការចូលរួមខ្វាយខ្វល់ពីបញ្ហាទឹកដី ពិសេសបានបង្ហាញពីក្ដីស្រលាញ់ ដែលជាការលើកទឹកចិត្តដល់កងកម្លាំងជួរមុខផងដែរ។

គួរបញ្ជាក់ថា កាលពីកន្លងទៅប្រាសាទតាមាន់ និងប្រាសាទតាក្របីនៅខេត្តឧត្តរមានជ័យនេះ ហាក់មិនសូវមានប្រជាជាពលរដ្ឋខ្មែរទៅកម្សាន្តច្រើននោះទេ តែក្រោយមានការប៉ះទង្គិចគ្នារវាងទាហានថៃជាមួយទាហានខ្មែរបានប្រែក្លាយទីតាំងប្រាសាទដែលធ្លាប់តែស្ងាត់ពលរដ្ឋទៅលេង មានសភាពអ៊ូអរជាងមុន។ ជាមួយគ្នានេះ អ្នកនាំពាក្យខេត្តឧត្តរមានជ័យ លើកទឹកចិត្តពលរដ្ឋ ដែលមកលេងកម្សាន្តនៅប្រាសាទតាមាន់ និងប្រាសាទតាក្របីកុំឱ្យមានភាពភ័យខ្លាច ព្រោះមានកងកម្លាំងជួរមុខឈរប្រចាំការ និងជួយមើលការខុសត្រូវ និងរក្សាសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើតម្លៃសាច់ជ្រូក និងសាច់គោនៅលើទីផ្សារមានស្ថានភាពបែបណា ក្រោយថៃ បិទច្រកព្រំដែន?

ទីផ្សារ និងតម្លៃជ្រូករស់ និងគោរស់នៅកម្ពុជា ហាក់មានភាពល្អប្រសើរនៅមួយរយៈចុងក្រោយនេះ ខណៈការបិទច្រកព្រំដែនរបស់យោធាថៃ ដោយឯកតោភាគីមិនបានបង្ក…

ថៃមិនយកពន្ធលើទំនិញអាម៉េរិករហូតដល់៩០% ដើម្បីបញ្ចៀសពន្ធគយ៣៦%របស់លោក ដូណាល់ ត្រាំ

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ពេលនេះបានផ្ដល់សម្បទានបន្ថែមទៀតដល់សហរដ្ឋអាម៉េរិក ដោយគ្រោងមិនយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ