
វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) របស់ថៃ បានស្ទង់មតិលើប្រជាជនថៃ ចំនួន១,៣១០នាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ហើយជាលទ្ធផលបានរកឃើញថា ពលរដ្ឋថៃ ៤១,៩១% បានបង្ហាញអារម្មណ៍អស់សង្ឃឹមទាំងស្រុងចំពោះសមត្ថភាពរបស់គណបក្សនយោបាយថៃ មិនថា គណបក្សកាន់អំណាច ឬគណបក្សប្រឆាំងក្នុងការដោះស្រាយបញ្ហាជាតិ។ ទន្ទឹមនេះ ពលរដ្ឋថៃ ៣៤,១៩% ទៀត និយាយថា ពួកគេអស់សង្ឃឹមខ្លះៗ ខណៈជិត២១% បង្ហាញពីក្តីសង្ឃឹមខ្លះៗ ហើយមានតែ២,៩៨% ប៉ុណ្ណោះ ដែលនិយាយថា ពួកគេមានសង្ឃឹមយ៉ាងមុតមាំលើគណបក្សនយោបាយ។
នៅពេលសាកសួរថា ប្រសិនបើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានរៀបចំឡើងសាជាថ្មី តើពួកគេនឹងបោះឆ្នោតគាំទ្របេក្ខភាពដដែលឬយ៉ាងណា ក្នុងនោះពលរដ្ឋ៥០,៦៩% ឆ្លើយថា ពួកគេនឹងមិនបោះឆ្នោតឱ្យទៀតឡើយ ខណៈ២៥,៥៧% មិនទាន់សម្រេចចិត្តនៅឡើយ ហើយ២៣,៧៤% និយាយថាពួកគេនឹងគាំទ្របេក្ខភាពតំណាងរាស្ត្រដដែល។
ជាចុងបញ្ចប់នៅពេលសួរថា តើពួកគេនឹងបោះឆ្នោតឱ្យសមាជិកសភាមកពីគណបក្សដែលពួកគេធ្លាប់បានគាំទ្រនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ ទៀតឬយ៉ាងណានោះមានពលរដ្ឋ៤០,៤៦%ឆ្លើយថា ពួកគេនឹងមិនបោះឆ្នោតគាំទ្រទៀតឡើយ ហើយ២៩,៤៧%ឆ្លើយថា នឹងបោះឱ្យ ខណៈ២៦,៩៥%ឆ្លើយថា មិនទាន់ច្បាស់ និង៣,១២% ឆ្លើយថា ពួកគេមិនដែលបានបោះឆ្នោត។
ជាការកត់សម្គាល់ឃើញថា កងទ័ពថៃនៅមួយរយៈចុងក្រោយនេះហាក់ឡើងកូតខ្លាំងដោយទទួលបានការគាំទ្រខ្លាំងពីប្រជាជនថៃ ក្រោយកងទ័ពថៃ បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានកម្ពុជារហូតក្រុមអ្នកតាមដានស្ថានការណ៍នយោបាយថៃបារម្ភថា យោធាថៃ អាចនឹងឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ: តែម សុខុម