លោក រ៉ាហ្វែលីតូ អាឡេចានដ្រូ (Rafaelito Alejandro) មន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្តសេប៊ូបាននិយាយថាជំនន់ទឹកភ្លៀងនេះបានជន់លិចទីក្រុងតូចធំជាច្រើនប៉ុន្តែខេត្តសេប៊ូបានរងគ្រោះខ្លាំងជាងគេបំផុតខណៈរថយន្តតូចធំជាច្រើនបានហូរតាមទឹកជំនន់សូម្បីតែទូកុងតឺន័រក៏ហូរទៅដែរ។
លោក រ៉ាហ្វែលីតូ បានបន្ថែមថា គិតត្រឹមថ្ងៃពុធទី៥ខែ វិច្ឆិកា ព្យុះកំណាចនេះបានសម្លាប់មនុស្ស៦៦នាក់នៅទូទាំងហ្វីលីពីនដោយក្នុងនោះចំនួន ៤៩នាក់នៅក្នុងខេត្តសេប៊ូ ខណៈ២៦នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ហើយមនុស្សជិត៤០ម៉ឺននាក់ទៀតត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព។
ទន្ទឹមនឹងនេះ អាជ្ញាធរប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស១៥នាក់ភាគច្រើនជាកុមារ បានស្លាប់ដោយសារទឹកហូរខ្លាំងបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងកាលពីថ្ងៃសៅរ៍នៅពេលពួកគេឆ្លងកាត់ទន្លេមួយនៅតំបន់ប៉ាពួនៅចុងបូព៌ានៃប្រទេសឥណ្ឌូនេស៊ី ខណៈអាជ្ញាធរកំពុងស្វែងរកកុមារចំនួន៨នាក់ដែលបាត់ខ្លួននៅក្នុងភូមិមួយផ្សេងទៀតដែលរងគ្រោះដោយទឹកជំនន់នេះផងដែរ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបានប្រាប់ឱ្យប្រជាជនត្រៀមខ្លួនសម្រាប់ទឹកជំនន់បន្ថែមទៀតដោយគេរំពឹងទុកថានឹងមានការភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងតំបន់ជាច្រើននៃខេត្តប៉ាពួ៕