វិស័យអចលនទ្រព្យ

បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនៅថៃ ស្នើឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍បន្ទាន់ លើវិបត្តិបណ្ណបំណុលអចលនទ្រព្យជិត ៨ពាន់លានដុល្លារ


ដោយសារតែរងគ្រោះនឹងសម្ពាធនៃពន្ធបដិការរបស់សហដ្ឋអាម៉េរិក និង ផលប៉ះពាល់ដោយគ្រោះរញ្ជួយដីថ្មីៗនេះផង បានជំរុញឱ្យបណ្តាក្រុមហ៊ុនដែលកំពុងតែអភិវឌ្ឍ និងសាងសង់ខុនដូនៅក្នុងប្រទេសថៃ បានស្នើសុំការអន្តាគមន៍លើវិបត្តិមូលបត្របំណុលរបស់ក្រុមហ៊ុនសំណង់និងអចលនទ្រព្យ ដែលត្រូវសងត្រឡប់នៅក្នុងរយៈពេល១ឆ្នាំ៩ខែ ដែលមានទឹកប្រាក់ដល់ទៅជិត ៨ពាន់លានដុល្លារ ។
វិស័យអចលនទ្រព្យ
ដោយ

សារព័ត៌មាន ឌឹណេសិន បានរាយការណ៍ថា ព្រោះតែបញ្ហាធំៗទាំងនេះ សមាគមខុនដូថៃ បានជំរុញឱ្យក្រុមប្រឹក្សារដ្ឋាភិបាលដោះស្រាយវិបត្តិសញ្ញាបណ្ណបំណុលចំពោះអចលនទ្រព្យ ដែលត្រូវសងសម្រាប់រយៈពេល២១ខែ ដោយរាប់ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ ខែធ្នូឆ្នាំ២០២៦ នៅក្នុងទំហំទឹកប្រាក់សរុបប្រមាណជាជិត៨ពាន់លានដុល្លារ ។

ប្រភពដដែលបានអះអាងថា ការធ្លាក់ចុះសេដ្ឋកិច្ច រួមផ្សំដោយការរញ្ជួយដីនាពេលថ្មីៗនេះ និងគោលនយោបាយពន្ធរបស់សហរដ្ឋអាម៉េ​រិក បានបង្ហាញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញ ជាពិសេសសម្រាប់វិស័យនាំចេញរបស់ប្រទេសថៃ ដែលប៉ះពាល់ដោយផ្ទាល់ដល់ផលិតផលក្នុងស្រុកសរុប និងប៉ះពាល់ដល់វិស័យសំណង់និងខុនដូផងដែរ។ ឆ្នាំ២០២៥នេះ ត្រូវបានគេចាត់ទុកថា គឺជាឆ្នាំដ៏លំបាកមួយទៀត សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ បើទោះបីជារាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការកាត់បន្ថយថ្លៃផ្ទេរ និងចុះបញ្ជីការ ការសម្រួលកម្ចីទិញលំនៅស្ថាន និងការបន្ធូរបន្ថយលក្ខខណ្ឌនៃច្បាប់ពាក់ព័ន្ធក៏ដោយ។

នៅអំឡុងត្រីមាសទី១នៃឆ្នាំ២០២៥ ដំណើរការផ្ទេរនិងទូទាត់ប្រាក់នៅក្នុងវិស័យអចលនទ្រព្យគឺបានធ្លាក់ចុះប្រមាណជា ៣២% ដោយទឹកប្រាក់ត្រូវប្រមូលបាននៅក្នុងអំឡុងពេលនេះ គឺប្រមាណជា ១ពាន់៤រយលានដុល្លារ ប៉ុន្តែវិស័យនេះទទួលបានត្រឹមតែជាង ៩៥០ លានដុល្លារប៉ុណ្ណោះ ។

នៅក្នុងស្ថានភាពនេះអ្នកវិភាគបានអះអាងថា ដើម្បីកាត់បន្ថយហានិភ័យ ការអន្តរាគមន៍របស់រាជរដ្ឋាភិបាលជាបន្ទាន់ គឺចាំបាច់ ហើយកម្មវិធីដែលរាជរដ្ឋាភិបាលគួរជួយ មានដូចជា កម្មវិធីកម្ចី ដើម្បីសម្រួលសាច់ប្រាក់ងាយស្រួល ការបន្ធូរបន្ថយបទប្បញ្ញត្តិឥណទានសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងការគាំទ្រដំណើរការទូទាតសញ្ញាបណ្ណបំណុលអចលនទ្រព្យ ដែលកំពុងតែជិតដល់កាលកំណត់។

ជុំវិញបញ្ហា​នេះ លោក ប្រាសឺត ថេឌុលឡាយ៉ាសាធីត (Prasert Taedullayasatit ) ប្រធានសមាគមខុនដូថៃ បានបង្ហើបថា សមាគមបានជួបជាមួយទីប្រឹក្សានាយករដ្ឋមន្ត្រីហើយ កាលពីថ្ងៃទី ១០ ខែមេសា ដើម្បីពិភាក្សាអំពី ការឆ្លើយតបរយៈពេលខ្លី និងរយៈពេលវែងចំពោះផលប៉ះពាល់នៃការរញ្ជួយដីនាពេលថ្មីៗនេះ និងគោលនយោបាយពន្ធបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកលើវិស័យអចលនទ្រព្យរបស់ប្រទេសថៃ។

សមាគមខុនដូថៃ បានទទូចឱ្យរាជរដ្ឋាភិបាល អន្តរាគមន៍ក្នុងទីផ្សារមូលបត្របំណុលសាជីវកម្ម ដែលបច្ចុប្បន្នមានភាពផុយស្រួយ ជាពិសេសទាក់ទងនឹងមូលបត្របំណុលអចលនទ្រព្យ ដែលជិតដល់ពេលសងត្រឡប់នៅឆ្នាំនេះ ក្នុងគោលបំណង ការពារការបរាជ័យក្នុងដំណើរការទូទាត់សងបណ្ណបំណុល ជាពិសេសក្នុងចំណោមបណ្ណបំណុលដែលមានកូប៉ុង (អត្រាការប្រាក់)ខ្ពស់ និងក្រុមហ៊ុន ដែលប្រឈមនឹងការចុះខ្សោយនៃទំនុកចិត្តរបស់វិនិយោគិន រួមទាំងអ្នកដែលមានចំណាត់ថ្នាក់កម្រិតវិនិយោគទាបជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជា-ជប៉ុន គ្រោងតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នានៅចុងឆ្នាំនេះ

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា វិស័យអាកាសចរណ៍កម្ពុជា នឹងកាន់តែមានភាពល្អប្រសើរថែមទៀតនៅឆ្នាំនេះ តាមរយៈកំណើននៃការតភ្ជាប់ភ្ជាប់ជើងហោះ…

លោក ដូណាល់ ត្រាំ ជំរុញឱ្យប៉ាណាម៉ា និងអេហ្ស៊ីប កុំយកថ្លៃសេវាពីកប៉ាល់ដឹកទំនិញ និងនាវាយោធាអាម៉េរិក សម្រាប់ការបើកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា និងព្រែកជីកស៊ុយអេ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមេសា បានលើកឡើងចំៗទៅកាន់ប្រទេសប៉ាណាម៉ា និងអេហ្ស៊ីប កុំឱ្យយកថ្លៃសេវាពីកប៉ាល់ដឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ