សេវា​ហិរញ្ញ​វត្ថុ

តើ​គួរ​មាន​ច្បាប់​គ្រប់គ្រង​ប្រតិបត្តិការ​បង់រំលស់ឬទេ? ហេតុ​អ្វី?


ប្រតិបត្តិការ​បង់រំលស់​ត្រូវ​បាន​គេមើលឃើញថា បាន​ចូលរួម​ចំណែក​មួយ​នៅ​ក្នុង​ចរន្ដ​នៃ​ការ​លូត​លាស់​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្ដល់​ជម្រើស​ក្នុង​ការ​ទូទាត់​ដើម្បី​សម្រួល​ដល់​លទ្ធភាព​ក្នុង​ការ​ទិញ​លក់​អចលន​ទ្រព្យ ចលនទ្រព្យ ទំនិញ និង​សេវា​កម្ម​នានា​ជាដើម។
សេវា​បង់​រំលស់​ទិញ​របស់​របរ​នៅ​កម្ពុជា រីកលូតលាស់​យ៉ាងខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។
ដោយ

ហើយ​សេវាកម្ម​នេះ​ក៏​កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា តួយ៉ាង បច្ចុប្បន្ន ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ភាគ​ច្រើន មាន​ផ្ដល់​សេវាកម្ម​មួយ​នេះ។ មិន​តែ​ប៉ុណ្ណោះ ការ​ទទួល​បាន​សេវា​បង់​រំលស់​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​សេវា​ហិរញ្ញ​វត្ថុ​ដទៃ​ទៀត ដោយ​ពេល​ខ្លះ​មិន​ចាំបាច់​មាន​ទ្រព្យ​បញ្ចាំ​ជា​ដើម។

ទោះ​យ៉ាង​ណា មន្រ្តី​ជាន់​ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បានលើកឡើងថា បច្ចុប្បន្ន សេវាបង់រំលស់​នៅ​មិន​ទាន់​មាន​គោលការណ៍​ច្បាប់​ជាក់​លាក់​ដើម្បី​ធ្វើការ​គ្រប់គ្រង​នៅ​ឡើយ​ទេ ព្រោះ​ថា វា​ហាក់​នៅ​មាន​ទំហំ​​ប្រតិបត្តិការ​តូច​នៅ​ឡើយ ប៉ុន្ដែ វា​ក៏​អាច​ជួប​ញ្ហា​ផង​ដែរ បើ​រដ្ឋាភិបាល​មិន​មាន​ច្បាប់​ដើម្បី​គ្រប់​គ្រង​នៅ​ពេល​ខាង​មុខ។ 

លោក​ជំទាវ ជា សិរី អគ្គនាយិកា​​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា បច្ចុប្បន្ន ការ​បង្កើត​នូវ​គោលការណ៍​គ្រប់​គ្រង​លើ​សេវា​បង់​រំលស់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​ធនាគារ​ជាតិ ប៉ុន្ដែ លោក​ជំទាវ​បាន​គូស​​បញ្ជាក់​ថា វា​ត្រូវ​មាន​កិច្ច​សហការណ៍​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ដើម្បី​អាច​សម្រេច​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​បាន ដូច្នេះ​ហើយ វា​ទាមទារ​ឲ្យ​ត្រូវ​ធ្វើ​ទៅ​តាម​ដំណាក់​កាល។

លោក​ជំទាវ ជា សិរី អគ្គនាយិកា​ ធនាគារ​ជាតិ​នៃ​កម្ពុជា

យ៉ាង​ណា​ក៏​ដោយ លោក​ជំទាវ​បាន​បញ្ជាក់​ថា ការ​បង់​រំលស់ គឺ​ដូចជា​ខ្ចី​បុល​គេ​ដែរ ដូច្នេះ អ្នក​ខ្ចី​ត្រូវ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់​ពី​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​សង​ត្រឡប់ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ ព្រោះ​ថា ហានិភ័យ​ធំ​បំផុត គឺ​ច្រើន​កើត​មាន​ចំពោះ​អតិថិជន​ដែល​ជា​អ្នក​ប្រើ​សេវា​បង់​រំលស់​នេះ។ 

លោក​ជំទាវ​អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​គូស​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន ប្រតិបត្តិការ​បង់​​រំលស់ ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ហាក់​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ប៉ុន្ដែ និន្នាការ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​​ជា​លំដាប់ ដូច្នេះ មិន​យូរ​មិន​ឆាប់​សេវាកម្ម​នេះ​នឹង​រីក​ធំ ហេតុនេះ​ហើយ​យើង​ចាំបាច់​ត្រូវ​រៀបចំ​ច្បាប់​ដើម្បី​គ្រប់គ្រង់ ដែល​ត្រូវ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០១៦ ប្រតិបត្តិការ​បង់​រំលស់​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​អត្រា​បរិយាប័ន្ន​ហិរញ្ញ​វត្ថុ​រហូត​ដល់​៧១% ដោយ​មាន​បូក​បញ្ចូល​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​និង​ក្រៅ​ប្រព័ន្ធ។ 

យ៉ាង​ណា​មិញ យោង​តាម​សៀវភៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៦​-២០២៥ បាន​បង្ហាញ​ឲ្យ​ដឹង​ថា មាន​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​បង់​រំលស់​នៅ​កម្ពុជា រួម​មាន៖

  1. ការ​ប្រកួត​ប្រជែង​មិន​ត្រឹមត្រូវ និង​ស្មើភាព​រវាង​ប្រតិបត្តិករ​បង់​រំលស់ និង​ប្រតិបត្តិករ​ធនាគារ និង​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ​ដទៃ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ និង​ការ​ត្រួត​ពិនិត្យ​របស់​ធនាគារ​ជាតិ
  2. កង្វះ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ស្រប​តាម​គោលការណ៍​នៃ​កិច្ច​ការពារ​អតិថិជន
  3. កង្វះ​ការ​វិភាគ​ត្រឹម​ត្រូវ​នូវ​លទ្ធភាព​បង់​រំលស់ ដែល​អាច​បង្ក​ឲ្យ​អតិថិជន​មាន​បំណុល​វ័ណ្ឌក
  4. ការ​រីករាល​ដាល​នៃ​សកម្មភាព​ធនាគារ​ស្រមោល​។

ជាមួយ​គ្នា​នេះ​ដែរ ទាក់ទង​នឹង​យុទ្ធសាស្ត្រ និង​ផែនការ​អនាគត​នៃ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​បង់​រំលស់​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ដូចជា៖

  1. គោលនយោបាយ និង​ដាក់​ចេញ​នូវ​បទប្បញ្ញត្តិ​សម​ស្រប​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​បង់​រំលស់
  2. រៀបចំ​យន្ដការ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់
  3. រៀបចំ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល និង​ផ្សព្វផ្សាយ​ដល់​សាធារណ​ជន​អំពី​លក្ខខណ្ឌ​សម​ស្រប​នៃ​ប្រតិបត្តិការ​បង់​រំលស់ រួមមាន អត្រា​ការប្រាក់ សិទ្ធិ​អ្នក​ផ្ដល់ និង​អ្នក​ទទួល និង​ឯកសារ​គតិ​យុត្ត​ចាំបាច់​ផ្សេង​ទៀត 
  4. សហការ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​យន្ដការ និង​បទប្បញ្ញត្តិ​សម្រាប់​ការ​គ្រប់គ្រង​ទាក់ទង​នឹង​ប្រតិបត្តិការ​បង់​រំលស់៕




អត្ថបទបន្ទាប់


បាយ​​ល្ងាច​មួយ​ពេលជាង ៣ម៉ឺន​ដុល្លារ - ម្ចាស់​ភោជនីយដ្ឋាន​ត្រូវ​ចាប់​ខ្លួន!

បើ​លោក​អ្នក​ជា​ម្ចាស់​ភោជនីយដ្ឋាន ករណី​មួយ​នេះ​អាច​ជា​មេរៀន​ដ៏​ល្អ។ នៅវៀតណាម ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​នៅ​ក្នុងទីក្រុង​ហូជីមិញ ត្រូវ​ន…

ការស្រាវជ្រាវ៖ ធ្វើរឿង ​៩យ៉ាងនេះ នឹងជួយ​ឲ្យ​​មាន​សុខភាព​ល្អ​និង​អាយុវែង!

ជីវិតរស់នៅ​សព្វថ្ងៃ ក្នុង​សម័យ​ទំនើប​ទាន់​សម័យ ទទួល​នូវ​សម្ពាធ​ជា​ច្រើន​ ដែលធ្វើ​ឲ្យ​មនុស្ស​កើត​រោគ​ស្ត្រេស ឯកោ និង​មិន​សប្បាយ​ចិត្ត។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ