
ប្រជាជនថៃ ភាគច្រើន ដែលបានចូលរួមផ្តល់ចម្លើយក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងដោយសាកលវិទ្យាល័យ សួន ឌូស៊ីត បានអះអាងថា ពួកគេព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ច ហើយជិតពាក់កណ្តាលបានអះអាងថា ប្រាក់សន្សំរបស់ពួកគេមានតិចតួចមិនអាចទ្រទ្រង់ជីវភាពបាននោះទេ ប្រសិនបើពួកគេមិនមានការងារធ្វើលើសពី១ខែឡើងទៅ។
លទ្ធផលស្ទង់មតិដែលធ្វើឡើងជាមួយប្រជាជនថៃ ជាង១ពាន់២រយនាក់ នៅទូទាំងប្រទេសថៃ តាមរយៈវិធីសាស្រ្តប្រមូលទិន្នន័យតាមប្រព័ន្ធអនឡាញ និងតាមការចុះសម្ភាសផ្ទាល់ នៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា បានបង្ហាញថា ជាង៩២% នៃអ្នកឆ្លើយបាននិយាយថា ពួកគេមានអារម្មណ៍អសន្តិសុខចំពោះបរិយាកាសសេដ្ឋកិច្ចរបស់ថៃ បច្ចុប្បន្ន។ ក្នុងចំណោមអ្នកផ្តល់ចម្លើយទាំងអស់មានជាង៤៨% បាននិយាយថា ទំហំប្រាក់សន្សំរបស់ពួកគេនៅពេលនេះ គឺមានចំនួនតិចតួចបំផុត ពោលគឺពួកគេមិនអាចទ្រទ្រង់ជីវភាពបានឡើយ ប្រសិនបើពួកគេជួបហានិភ័យណាមួយបាត់បង់ការងារធ្វើ។
ការស្ទង់មតិដដែលបានបន្តថា អ្នកដែលមានធនធានសន្សំអាចទ្រទ្រង់ជីវភាពពេលអត់ចំណូលបានដល់ទៅ៣ខែ មានត្រឹមតែជាង៣៥% ស្របពេលអ្នកអាចទ្រទ្រង់ជីវភាពបានដល់៦ខែ មានជិត៧% ប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ