
ពលរដ្ឋខ្មែរបាននាំគ្នាបង្ហោះសារធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ នៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងផុសផុលនៅមួយរយៈចុងក្រោយនេះ។ យោងតាមទិន្នន័យបង្ហាញថា ប្រទេសថៃ នាំចូលរហូតដល់ទៅប្រមាណ១២% នៃទំនិញសរុបដែលកម្ពុជា នាំចូល ប៉ុន្តែទំនិញថៃ ដែលពលរដ្ឋខ្មែរធ្វើពហិការភាគច្រើននាពេលបច្ចុប្បន្ន រួមមាន ដូចជាអាហារសម្រន់ ភេសជ្ជៈ គ្រឿងសម្អាង និងទឹកដោះគោជាដើម ពោលគឺមិនមែនជាទំនិញសំខាន់ៗជាយុទ្ធសាស្ត្រនោះទេ។ ទំនិញនាំចូលសំខាន់ៗដែលរួមមានដូចជាប្រេងឥន្ធនៈ គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងគីមីកសិកម្មជាដើម នៅតែមិនទទួលរងផលប៉ះពាល់ ដោយសារសាររលកនៃការធ្វើពហិការទំនិញថៃ ព្រោះទំនិញទាំងនេះពិបាកនឹងរកជម្រើសថ្មីមកជំនួសបាន។
ជាការកត់សម្គាល់ បណ្ដាម្ចាស់ហាងនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារទំនិញថៃ ដែលពួកគេមានលក់មិនចេញ ហើយលុយរបស់ពួកគេក៏ជាប់គាំងក្នុងស្តុកអីវ៉ាន់ថៃ ទាំងនោះ។ ការបង្ហោះខ្លះលើបណ្ដាញទំនាក់ទំនងសង្គមបង្ហាញពីធ្នើរពោរពេញដោយផលិតផលថៃ លក់មិនចេញ និងដាក់លក់បញ្ចុះតម្លៃច្រើន ហើយបណ្ដាក្រុមហ៊ុនចែកចាយក៏បានលួចបង្ហើបពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការខាតបង់។
ទន្ទឹមនេះ ប្រទេសថៃ ក៏ជាអ្នកទិញទំនិញនាំចេញរបស់កម្ពុជា យ៉ាងសំខាន់ផងដែរ ជាពិសេសផលិតផលវាយនភណ្ឌ និងកសិកម្ម។ ក្រុមអ្នកជំនាញព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ អាចជះផលប៉ះពាល់ខ្លាំងដល់កម្មករខ្មែរ និងអ្នកនាំចេញរបស់កម្ពុជា ហើយបានជំរុញឱ្យកម្ពុជា ចរចាជាមួយភាគីថៃ ឱ្យមានការប្រុងប្រយ័ត្នជាជាងការសងសឹក។
ការធ្វើពហិការនេះ ភាគច្រើនស្ដែងឱ្យឃើញតែតាមប្រព័ន្ធអនឡាញ ឬអ៊ីនធឺណិតប៉ុណ្ណោះ ដោយវីដេអូឃ្លីបខ្លះបង្ហាញពីសកម្មភាពពលរដ្ឋខ្មែរបោះចោលផលិតផលថៃ ចុះបញ្ជីខ្មៅម៉ាកយីហោថៃ និងបង្ហោះសារស្នេហាជាតិ។ ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា ការធ្វើបែបនោះគ្រាន់តែការបំផុសស្មារតីជាតិនិយម ដែលអាចមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើទម្លាប់របស់អ្នកប្រើប្រាស់ទូទៅដែលនិយមប្រើផលិតផលថៃ៕
ដោយ: តែម សុខុម