
នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា តុលាការធម្មនុញ្ញថៃបានបើកសវនាការលើរឿងក្តីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាបណ្តឹងរបស់សមាជិកព្រឹទ្ធសភាចំនួន៣៦រូប ដើម្បីស្វែងរកសេចក្តីសម្រេច ថាតើជោគវាសនានៃតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី នឹងទៅជាយ៉ងណា។ មុនពេលសវនាការចាប់ផ្តើម ប្រធានតុលាការធម្មនុញ្ញលោក ណាខារិន មេកត្រៃរ៉ាត់ (Nakharin Mektrairat) បានប្រកាសថា ដោយសារករណីនេះប៉ះពាល់ដល់សន្តិសុខជាតិ តុលាការនឹងហាមឃាត់ការផ្សាយរូបភាព និងសំឡេងក្នុងអំឡុងពេលផ្តល់សក្ខីកម្មរបស់សាក្សី។ បន្ថែលើនេះ លោក ក៏បានហាមឃាត់អ្នកចូលរួមមិនឱ្យផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានលម្អិតនៃសវនាការ ដែលអាចបំភ័នសាធារណជនផងដែរ។
ខាងភាគីដើមបណ្តឹង ប្រធានព្រឹទ្ធសភាបានចាត់តាំងតំណាងឱ្យចូលខ្លួនបំភ្លឺក្នុងតុលាការ ខណៈលោកស្រី ផែថងថាន បានបង្ហាញខ្លួនដោយផ្ទាល់អមដោយសាក្សីម្នាក់ គឺលោក ឆាត់ឆៃ បាងឈូអាត (Chatchai Bangchuad) អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ។
តាមការគ្រោងទុក បន្ទាប់ពីការផ្តល់សក្ខីកម្មលើករណីចោទប្រកាន់ខាងលើរួចរាល់ តុលាការធម្មនុញ្ញថៃបានសម្រេចបិទបញ្ចប់ដំណើរការការកាត់ក្តីនៅថ្ងៃទី២៧ ខែសីហា ហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី២៩ ខែសីហា ជាសាលក្រមដែលនឹងសម្រេចអនាគតនយោបាយរបស់នាយករដ្ឋមន្ត្រីវ័យក្មេងមកពីត្រកូល ស៊ីណាវ៉ាត្រា រូបនេះតែម្តង៕
ដោយៈ សរ សុជាតិ