
នាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែង គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រ ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ចំនួន២ករណី ក្នុងពេលខាងមុខនេះ ដែលលោកស្រីអាចជាប់ទោសទាំងពីរករណី ឬក៏ទោសណាមួយ ដោយគេចមិនផុតឡើយ ដោយករណីផ្លូវច្បាប់ទីមួយ គឺការសម្រេចទោសរបស់តុលាការធម្មនុញ្ញថៃ ពាក់ព័ន្ធនឹងការសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន និងទីពីរ គឺករណីពុករលួយពាក់ព័ន្ធនឹងចែកប្រាក់ឌីជីថលដល់ប្រជាជន។
ក្រុមអ្នកវិភាគបាននិយាយថា ដើម្បីគេចផុតពីទោសបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ដែលនឹងសម្រេចដោយតុលាការធម្មនុញ្ញនៅចុងខែសីហានេះ គណបក្សភឿថៃ ត្រូវតែបង្ខំចិត្ត ទាញដៃលោកស្រី ផែថងថាន ឱ្យចុះចេញពីតំណែង ស្របពេលគណបក្សនេះកំពុងរងសម្ពាធកាន់តែខ្លាំងពីគណបក្សប្រឆាំងក្នុងការជំរុញឱ្យធ្វើការរំលាយសភាផងដែរ។ ទោះយ៉ាងណា លោកស្រី ផែថងថាន ធ្លាប់បានអះអាងជាច្រើនលើកច្រើនសារហើយថា លោកស្រី នឹងមិនចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនេះទេ គឺនៅតែស៊ូទ្រាំខាំស្មៅដល់ទីបំផុត។
លោក ឆើដឆៃ តនធីស៊ីរីន (Cherdchai Tantisirin) អតីតអ្នកដឹកនាំក្រុមអាវក្រហម និងជាសមាជិកសភាបក្សភឿថៃ បានបង្ហើបថា គណបក្សនេះ អាចស្វែងរកផ្លូវចេញពីភាពជាប់គាំងនយោបាយ ដោយព្យាយាមផ្លាស់ប្តូរតុល្យភាពអំណាចតាមរយៈមធ្យោបាយក្រៅរដ្ឋធម្មនុញ្ញ។
ប៉ុន្តែ ទោះបីជាមានការរំពឹងទុកបែបនេះក៏ដោយ លោក វីស៊ុត ឆៃយ៉ារុន (Wisut Chaiyarun) ប្រធានសមាជិកសភាបក្សភឿថៃ និងជាមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា លោកបានជួបជាមួយលោកស្រី ផែថងថាន ដើម្បីពិភាក្សាអំពីរឿងនេះហើយ ប៉ុន្តែលោកស្រីនៅតែប្រកាន់ខ្ជាប់នូវការសម្រេចចិត្តមិនលាលែងពីតំណែងដាច់ខាត ដូច្នេះហើយលោក វីស៊ុត ជឿជាក់ថា តុលាការធម្មនុញ្ញនឹងមិនសម្រេចជាអវិជ្ជមានក្នុងរឿងក្តីនេះទេ។
ទោះជា លោកស្រីអាចរួចផុតពីទោសខាងនេះក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថា លោកស្រី ផែថងថាន អាចនឹងប្រឈមនឹងផ្លូវផ្សេងច្បាប់ទៀត ដែលត្រូវចោទពីគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) ជុំវិញការចំណាយថវិកាជាតិ ចំនួនជាង១លានដុល្លារ ក្នុងគម្រោងកញ្ចប់សាច់ប្រាក់ឌីជីថល ដើម្បីចែកដល់ប្រជាជន ហើយក្រុមអ្នករិះគន់បានលើកឡើងថា គម្រោងនេះបានរំលោភមាត្រា ១៤៤ នៃរដ្ឋធម្មនុញ្ញ។
ដូច្នេះហើយ ទោះជាគណបក្សភឿថៃ កំពុងព្យាយាមរកមធ្យោបាយរារាំងលោកស្រី ផែថងថាន ពីការប្រឈមមុខនឹងការកាត់ទោសពីតុលាការធម្មនុញ្ញក៏ដោយ ប៉ុន្តែសំណុំរឿងមាត្រា១៤៤ អាចនឹងចេញជាបញ្ហាប្រឈមផ្លូវច្បាប់ដ៏ធំទីពីរ សម្រាប់ជោគវាសនារបស់លោកស្រីផងដែរ។
សូមបញ្ជាក់ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃនឹងធ្វើសេចក្ដីសម្រេចនៅថ្ងៃទី ២៩ ខែសីហា អំពីជោគវាសនារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ថាតើត្រូវប្រគល់តំណែងនាយករដ្ឋមន្ត្រី ឱ្យទៅលោកស្រីវិញ ឬក៏ត្រូវដកតំណែងនាយករដ្ឋមន្ត្រី ពីលោកស្រីជាអចិន្ត្រៃយ៍៕
ដោយ៖ សុខ មង្គល