របបសឹកមីយ៉ាន់ម៉ានឹងបង្កើតស្ថាប័នថ្មីមួយ ដើម្បីត្រួតពិនិត្យទាំងរដ្ឋបាលយោធា និងស៊ីវិល ដើម្បីក្តោបក្តាប់អំណាចឱ្យកាន់តែណែន ខណៈអ្នកវិភាគបានចាត់ទុកការបង្កើតស្ថាប័នថ្មីនេះ គ្រាន់តែដើម្បីបើកផ្លូវ និងជម្រះបញ្ហាឱ្យលោកឧត្តមសេនីយ៍ មីន អ៊ុងលាំង ឡើងកាន់តំណែងប្រធានាធិបតី ដោយមិនបន្ធូរបន្ថយការគ្រប់គ្រងលើកងកម្លាំងប្រដាប់អាវុធឡើយ។
ការប្រកាសបង្កើតស្ថាប័នថ្មីនេះធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោត ដែលរៀបចំដោយយោធាបានបញ្ចប់ ហើយស្របពេលដែលសភាគ្រោងនឹងកោះប្រជុំនៅខែក្រោយ។ តាមការបញ្ជាក់របស់លោក ណាង មីនខាន់ (Naing Min Khant) មន្ត្រីកម្មវិធី នៃវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយមីយ៉ាន់ម៉ា អំណាចរបស់«សហភាពក្រុមប្រឹក្សាពិគ្រោះយោបល់» គឺមានវិសាលភាពទូលំទូលាយណាស់ ដោយគ្របដណ្តប់តាំងពីបញ្ហាសន្តិសុខជាតិរហូតដល់ដំណើរការនីតិបញ្ញត្តិ។ លោកបានបន្ថែមថា នេះគឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់ ដែលបង្កើតឡើង ដើម្បីកាន់កាប់អំណាចកំពូលនៃប្រទេសទាំងមូល។
ទោះបីជាមានការបង្កើតរដ្ឋាភិបាលស៊ីវិល ដែលកើតចេញពីការបោះឆ្នោតក៏ដោយ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា វានៅតែជាសេណារីយ៉ូ ដែលរៀបចំឡើង ដើម្បីធានាអំណាចបាតដៃដែករបស់លោក មីន អ៊ុងឡាំង ដដែល។ ជាក់ស្ដែងគណបក្សសហភាពសាមគ្គីភាព និងអភិវឌ្ឍន៍ ដែលគាំទ្រដោយយោធាបានដណ្តើមជ័យជម្នះរហូតដល់ទៅ៨១% នៃអាសនៈសភា បើទោះបីជាការបោះឆ្នោតនេះរងការរិះគន់យ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិថា ជាការបោះឆ្នោតបង្គ្រប់កិច្ចក៏ដោយ។
តាមរយៈស្ថាប័នថ្មីនេះ របបសឹកមីយ៉ាន់ម៉ា កំពុងផ្ញើសារទៅកាន់ពិភពលោកថា ទោះបីជាមានការផ្លាស់ប្តូរទម្រង់រដ្ឋបាល ក៏អំណាចពិតប្រាកដនៅតែស្ថិតក្រោមការបញ្ជារបស់យោធាដដែល៕
ដោយៈ សរ សុជាតិ