សម្រាប់តម្លៃលើការព្យាបាលវិញ ក៏ថ្លៃសម្បើមដែរ ដោយនៅប្រទេសអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាអ្នកជំងឺមហារីកម្នាក់អាចចំណាយយ៉ាងណាស់ចន្លោះពី៨ពាន់ដុល្លារទៅ១ម៉ឺន៥ពាន់ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា នៅក្នុងមួយឆ្នាំៗមានករណីកើតជំងឺមហារីកថ្មីប្រមាណ២០លានករណី និងបានសម្លាប់មនុស្សជាមធ្យមជិត១០លាននាក់។ ក្នុងចំណោមមនុស្ស៥នាក់នាពេលបច្ចុប្បន្ន មានមនុស្សយ៉ាងហោចណាស់១នាក់កើតជំងឺមហារីកនៅក្នុងមួយវដ្តជីវិតរបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ជំងឺមហារីកត្រូវបានគេចាត់ទុកជាជំងឺដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតនៅវៀតណាម ដូច្នេះហើយទើបានរដ្ឋាភិបាលវៀតណាម បានយកចិត្តទុកដាក់បំផុត លើបញ្ហានេះ ហើយថ្មីៗនេះក្រសួងសុខាភិបាលវៀតណាម បានអនុម័តឱ្យប្រើថ្នាំ Pembroria ដែលជាថ្នាំព្យាបាលជំងឺមហារីក ដែលផលិតនៅប្រទេសរុស្ស៊ី ដោយវាមានផ្ទុកសារធាតុ pembrolizumab ដែលផ្តល់ឱ្យអ្នកជំងឺក្នុងស្រុកនូវជម្រើសព្យាបាលថ្មីមួយបន្ថែម។
យោងតាមរដ្ឋបាលឱសថរបស់ក្រសួងសុខាភិបាលវៀតណាម ថ្នាំ Pembroria គឺជាឱសថមួយក្នុងចំណោមវ៉ាក់សាំង និងផលិតផលជីវសាស្រ្តចំនួន១៤ ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ចរាចរនៅចុងខែតុលា។ ថ្នាំនេះផលិតដោយក្រុមហ៊ុនរុស្ស៊ី និងបានចុះបញ្ជីដោយរោងចក្រមួយនៅអារ៉ាប់រួមមានផ្ទុកសារធាតុ pembrolizumab ១០០មីលីក្រាមក្នុងកម្រិតថ្នាំចំណុះ៤មីលីលីត្រ។
ថ្នាំ Pembroria គឺជាឱសថដែលមានសូចនាករជាច្រើនប្រភេទ ដែលប្រើសម្រាប់ព្យាបាលជំងឺមហារីកជាច្រើន រួមទាំងជំងឺមហារីកសួត ជំងឺមហារីកស្បែក ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកកោសិកាតម្រងនោម និងជំងឺមហារីកសុដន់។
វេជ្ជបណ្ឌិត ឡេ វ៉ាន់ ក្វាង នាយកមន្ទីរពេទ្យមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកឈានមុខគេនៅទីក្រុងហាណូយ បាននិយាយថា ថ្នាំ Pembroria មួយដបមានតម្លៃ៧០០ដុល្លារ ហើយអ្នកជំងឺជាធម្មតាត្រូវការពីរដបក្នុងមួយវដ្តព្យាបាល។ មកទល់ពេលនេះ ជំងឺមហារីកអាចព្យាបាលជានៅដំណាក់កាលដំបូង ប៉ុន្តែបើវារីករាលដាលដល់កម្រិតចាប់ពី៣ឡើងទៅ នោះប្រសិទ្ធភាពនៃការព្យាបាលក៏ថយថយទៅតាមនោះដែរ ហើយតម្លៃនៃការព្យាបាលវិញក៏ថ្លៃទៅតាមនឹងដែរ។ តម្លៃនៃការព្យាបាលជំងឺមហារីក គឺខុសគ្នាទៅតាមប្រភេទ និងអាការៈរោគ ក៏ដូចជាទៅតាមប្រទេស៕
ដោយៈ សរ សុជាតិ