ជាការឆ្លើយតបទៅនឹងការប្រើប្រាស់អំណាចរបស់សេតវិមាន រដ្ឋចំនួន២៤ ក្នុងចំណោមរដ្ឋទាំង៥០ នៅសហរដ្ឋអាម៉េរិក ដឹកនាំដោយរដ្ឋធំៗដូចជា ញូវយ៉ក កាលីហ្វ័រញ៉ា និងអូរីហ្គន បានដាក់ពាក្យបណ្តឹងរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ឈប់ការប្រមូលពន្ធ១០% លើទំនិញនាំចូលពីទូទាំងពិភពលោក។
ក្រុមរដ្ឋប្តឹងទាំងនេះ បានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ កំពុងព្យាយាមបំពាន ឬគេចវេះពីសាលក្រមរបស់តុលាការកំពូល ដែលទើបតែបានប្រកាសថា ការកំណត់ពន្ធមុនៗរបស់លោក គឺជាទង្វើខុសច្បាប់។ បណ្តារដ្ឋ ដែលចេញមុខប្ដឹងភាគច្រើន ជារដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដែលមើលឃើញថា ពន្ធនេះនឹងធ្វើឱ្យទំនិញឡើងថ្លៃ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ។
យោងតាមច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលលោក ត្រាំ យកមកប្រើប្រាស់ពន្ធ១០%នេះ មានសុពលភាពត្រឹមតែ១៥០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែលោកបានគំរាមរួចជាស្រេចថា នឹងបង្កើនវាឱ្យដល់១៥% នៅពេលខាងមុខ។ គួររំលឹកថា ច្បាប់ពិសេសនេះមិនត្រូវបានយកមកប្រើប្រាស់ឡើយតាំងពីសម័យអតីតប្រធានាធិបតី រីឆាត និក្សិន (Richard Nixon) មកម្ល៉េះ។
ក្រៅពីត្រូវប្រឈមមុខនឹងបណ្តឹងពីរដ្ឋជិតពាក់កណ្តាលប្រទេសហើយនោះ រដ្ឋបាលលោក ត្រាំ ក៏កំពុងជាប់ដៃតតាំងនឹងបណ្តឹងពីក្រុមហ៊ុនអាជីវកម្មជាង២,០០០ផ្សេងទៀត ដែលកំពុងទាមទារឱ្យរដ្ឋាភិបាលសងប្រាក់ពន្ធចំនួន១៣០ពាន់លានដុល្លារត្រឡប់មកវិញផងដែរ បន្ទាប់ពីតុលាការកំពូលបានកាត់ក្តីឱ្យពួកគេឈ្នះកាលពីពេលថ្មីៗ៕
ដោយៈសរ សុជាតិ