គ្រឹះស្ថានហិរញ្ញវត្ថុ

​​ធនាគារជាតិ បញ្ចេញយន្តការផ្តល់សាច់ប្រាក់ចាំបាច់ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ


​​ស្របពេលដែលមានការព្រួយបារម្ភមួយចំនួនលើស្ថិរភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបង្កឡើងដោយឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចសកល ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវយន្តការផ្តល់សាច់ប្រាក់ចាំបាច់ ឬ​សន្ទនីយភាពចាំបាច់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលជួបបញ្ហាខ្វះសាច់ប្រាក់ក្នុងរយៈពេលខ្លី។
គ្រឹះស្ថានហិរញ្ញវត្ថុ
ដោយ

វិធានការនេះមានគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ ខណៈអ្នកជំនាញក្នុងវិស័យនេះជឿជាក់ថា វានឹងជួយកាត់បន្ថយការព្រួយបារម្ភរបស់សាធារណជន និងពង្រឹងទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកវិធានការផ្តល់សាច់ប្រាក់ចាំបាច់ ឬសន្ទនីយភាពចាំបាច់របស់ធនាគារជាតិនៃកម្ពុជា ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គឺជាជំហានដ៏សំខាន់ និងទាន់ពេលវេលាក្នុងការពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុជារួម។ អ្នកជំនាញហិរញ្ញវត្ថុរូបនេះជឿជាក់ថា តាមរយៈយន្តការនេះវានឹងជួយផ្តល់សាច់ប្រាក់គាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុ ដែលអាចប្រឈមមុខនឹងបញ្ហាសាច់ប្រាក់រយៈពេលខ្លី ដើម្បីជួយឱ្យពួកគេគ្រប់គ្រង និងកាត់បន្ថយហានិភ័យ នៃការព្រួយបារម្ភរបស់សាធារណជន ព្រមទាំងរក្សាបាននូវទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុជាតិ។ បន្ថែមលើនេះ វាក៏នឹងជួយទប់ស្កាត់ហានិភ័យជាប្រព័ន្ធ ដោយបង្ការការរាលដាល នៃបញ្ហាសន្ទនីយភាពពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយទៀត ក៏ដូចជារក្សាបាននូវដំណើរការរលូន នៃប្រព័ន្ធធនាគារទាំងមូលផងដែរ។ ទន្ទឹមនេះប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រូបនេះ បានប្តេជ្ញាបន្តអនុវត្តការគ្រប់គ្រងហានិភ័យយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវស្ថិរភាព និងការរីកចម្រើនយូរអង្វែងនៃវិស័យធនាគារកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា យល់ឃើញថា វិធានការផ្តល់សាច់ប្រាក់ចាំបាច់របស់ធនាគារជាតិនៃកម្ពុជានេះពិតជាមានសារសំខាន់ណាស់ ដើម្បីធានាបាននូវទំនុកចិត្តលើវិស័យធនាគារនៅកម្ពុជា ពោលគឺស្ថាប័នអាណាព្យាបាលការពារទាំងគ្រឹះស្ថានធនាគារ ទាំងអតិថិជនរបស់គ្រឹស្ថានធនាគារ។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ថា គ្រឹះស្ថានធនាគារទាំងអស់គប្បីអនុវត្តឱ្យបានពេញលេញតាមបទបញ្ញត្តនានា ដែលបានដាក់ឱ្យអនុវត្ត និងកំណត់ដោយធនាគារជាតិ នៃកម្ពុជា។

សូមជម្រាបថា ការដាក់ចេញក្របខណ្ឌផ្តល់សាច់ប្រាក់ចាំបាច់របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សន្ទនីយភាពចាំបាច់សម្រាប់ជាជម្រើសកាន់តែរឹងមាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តតួនាទីជាអាជ្ញាធរអាណាព្យាបាល និងគាំទ្រស្ថិរភាពហិរញ្ញវត្ថុដោយធានាថា ការផ្តល់សន្ទនីយភាពចាំបាច់ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន មានលក្ខខណ្ឌច្បាស់លាស់ និងផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធធនាគារទាំងមូល៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលកម្ពុជា សម្រេចកាត់បន្ថយចំណាយ៣០% លើប្រេងឥន្ធនៈ និងបេសកកម្មតាមស្ថាប័នរដ្ឋ ដើម្បីទប់ទល់នឹងវិបត្តិថាមពល

ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលសកល ដែលកំពុងប្រែប្រួលខ្លាំង និងពុំអាចព្យាករបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ