លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កត់សម្គាល់ឃើញថា ក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ មានពលរដ្ឋមួយចំនួនបានផ្លាស់ប្ដូរទម្លាប់ក្នុងការធ្វើដំណើរដោយជំនួសមកវិញនូវការប្រើប្រាស់មធ្យោបាយសាធារណៈ និងធ្វើដំណើររួមគ្នាជាដើម។ ពាក់ព័ន្ធការធ្លាក់ចុះចំនួនអតិថិជននៅតាមហាង និងភោជនីយដ្ឋាននានា ប្រធានសមាគមរូបនេះវាយតម្លៃថា អាចដោយសារពលរដ្ឋមានការត្បិតត្បៀតក្នុងការចំណាយ ព្រោះបារម្ភពីបញ្ហាផ្សេងៗ។ បើតាមអ្នកជំនាញរូបនេះ ការកើនឡើងតម្លៃប្រេងឥន្ធនៈ ក៏កំពុងបង្កផលប៉ះពាល់ដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
មិនខុសគ្នានោះទេលោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញផងដែរថា នៅមួយរយៈចុងក្រោយនេះពលរដ្ឋហាក់មានការត្បិតត្បៀតការចំណាយលើការទិញរបស់របរ និងសេវាកម្មផ្សេងៗ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានចាត់ទុកការសន្សំសំចៃរបស់ពលរដ្ឋក្នុងគ្រាអាសន្ននេះ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ជីវភាពគ្រួសារ ដើម្បីទប់ទល់នឹងអតិផរណា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាការចំណាយផ្ទាល់ខ្លួនរបស់ពលរដ្ឋហាក់ថមថយ ប៉ុន្តែវានៅមិនទាន់ឈានដល់ដំណាក់កាល ដែលអាចធ្វើឱ្យរាំងស្ទះសេដ្ឋកិច្ចជាតិនោះទេ ព្រោះខ្សែច្រវាក់ផលិតកម្មធំៗ និងការបញ្ជាទិញពីក្រៅប្រទេសនៅតែមានស្ថិរភាព ខណៈរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសេវាសាធារណៈបានយ៉ាងល្អ។
ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការត្បិតត្បៀតការចំណាយរបស់ពលរដ្ឋទំនងជាអាចធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ តែទោះជាយ៉ាងណាការត្បិតត្បៀតនេះ ទំនងជាអាចជះផលប៉ះពាល់មួយចំនួនដល់អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកជំនួញរូបនេះជឿជាក់ថា ដំណើរការសេដ្ឋកិច្ចសង្គមនឹងវិលមកប្រក្រតីភាពឡើងវិញ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ាមានភាពធូរស្បើយ។
គួរបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយអាម៉េរិក និងអ៊ីស្រាអែលបានធ្វើឱ្យតម្លៃប្រេងនៅលើសកលលោក ក៏ដូចជានៅកម្ពុជាហក់ឡើងខ្ពស់គួរឱ្យបារម្ភ។ ជាក់ស្ដែងតម្លៃប្រេងសាំងធម្មតានៅទីផ្សារកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា បានហក់ឡើងដល់៥,២០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតបានហក់ឡើងដល់៦,០៥០រៀលក្នុងមួយលីត្រ៕
អត្ថបទ៖ បូ ដូឡា