វិស័យ​​​ SME

តម្លៃប្រេងកើនឡើងខ្លាំងក្លាយជាឆ្អឹងទទឹងកដល់ការផលិតក្នុងស្រុក ខណៈអ្នកជំនាញទទូចឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនី ដើម្បីសង្គ្រោះសហគ្រាសក្នុងស្រុក


អ្នកផលិតក្នុងស្រុកហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយតម្លៃប្រេងឥន្ធនៈបន្តហក់ឡើងខ្ពស់​ដែលអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គត់ផលិតកម្មក្នុងស្រុក។ បញ្ហាប្រេងឥន្ធនៈឡើងថ្លៃនេះ បានធ្វើឱ្យអ្នកផលិតក្នុងស្រុកមានការចំណាយថ្លៃដើមផលិត និងដឹកជញ្ជូនខ្ពស់ជាងមុន ដែលកត្តានេះបានក្លាយជាឆ្អឹងទទឹងកទាញទម្លាក់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់។ ទន្ទឹមនេះ អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលពិចារណាបញ្ចុះតម្លៃអគ្គិសនី ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងពលរដ្ឋឱ្យងាកមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ។
វិស័យ​​​ SME
ដោយ

លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នអ្នកផលិតក្នុងស្រុកកំពុងជួបការលំបាកក្រោយតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ដែលបញ្ហានេះបានជំរុញឱ្យថ្លៃដើមផលិត និងការចំណាយលើថ្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើជាតម្លៃប្រេងឥន្ធនៈនៅបណ្តាប្រទេសក្នុងតំបន់មានតម្លៃទាបជាង ចង់ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ទន្ទឹមនេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ បានធ្វើប៉ះពាល់ទូទាំងសកលលោករួមទាំងកម្ពុជា ដែលកត្តានេះទាមទារឱ្យអ្នកផលិតក្នុងស្រុកផ្ដោតលើការផលិតទំនិញដែលចាំបាច់បំផុត។ លោកស្រី ក៏បានស្នើឱ្យមានការរៀបចំបញ្ចុះតម្លៃអគ្គិសនី ទោះបីជាដឹងថា វាជារឿងលំបាកក៏ដោយ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់កសិករ និងអ្នកផលិតដែលធ្លាប់ប្រើប្រាស់ប្រេងឥន្ធនៈច្រើន។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ជឿជាក់ថា តម្លៃប្រេងឥន្ធនៈនឹងមិនងាយធ្លាក់ចុះឡើយ ដរាបណាសន្តិសុខនៅច្រកសមុទ្រហ័រម៉ូសនៅតែរងការគំរាមកំហែងសម្រាប់នាវាដឹកប្រេង។ ទន្ទឹមនឹងស្នើឱ្យរដ្ឋាភិបាលសិក្សាលទ្ធភាពបញ្ចុះតម្លៃអគ្គិសនី អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ការងាកមកប្រើអគ្គិសនីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈក្នុងកាលៈទេសៈ វាជាវិធីសាស្ត្រមួយដ៏ល្អបំផុតសម្រាប់ពលរដ្ឋ និងម្ចាស់អាជីវកម្មនានា។ ទន្ទឹមនឹងនេះ លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋឱ្យបន្តគាំទ្រផលិតផលខ្មែរ និងរក្សាជំហរមិនប្រើប្រាស់ផលិតផលថៃក្នុងកាលៈទេសៈ ដែលកម្ពុជា រងការឈ្លានពានពីប្រទេសជិតខាងមួយនេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១១-១៣ ខែមីនា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៥,២០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៦,០៥០រៀលក្នុងមួយលីត្រ។ ក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងឥន្ធនៈអាចប្រឈមនឹងការដកអាជ្ញាបណ្ណ ប្រសិនបើធ្វើអាជីកម្មមិនត្រឹមត្រូវ ឬឆ្លៀតឱកាសកេងចំណេញហួសហេតុក្នុងគ្រាមានវិបត្តិនេះ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ប្រភពចារកម្មអាម៉េរិក ទម្លាយថា រដ្ឋាភិបាលអ៊ីរ៉ង់នៅតែរឹងមាំដូចដែកថែប ទោះរងការវាយប្រហារពីអាម៉េរិក និងអ៊ីស្រាអែលជាង១០ថ្ងៃមកនេះ

ទោះបីជារងការវាយប្រហារយ៉ាងចាស់ដៃពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលអស់រយៈពេលជិត២សប្តាហ៍ បូករួមទាំងចលនាបាតុកម្មក្នុងស្រុកផងនោះ តែរដ្ឋាភិបាល…

តើទីក្រុងតេអេរ៉ង់ កំពុងយកបញ្ហាសេដ្ឋកិច្ចពិភពលោកធ្វើជាចំណាប់ខ្មាំង ដើម្បីបញ្ចប់សង្គ្រាមមែនឬ?

ស្របពេលសហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ឥទ្ធិពលយោធា និងសព្វាវុធទំនើបៗ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ ទីក្រុងតេអេរ៉ង់ បែរជាបង្ហាញសញ្ញាមិនតក់ស្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ