អ្នករកទទួលទានក្នុងវិស័យទេសចរណ៍ជឿជាក់ថា ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងបើកច្រកនេះ នោះនឹងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។
លោក ខូយ តារា ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកំពង់ផែទេសចរណ៍អន្តរជាតិ កំពត បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការចរចាបើកច្រកដឹកជញ្ជូនភ្ញៀវទេសចរពីខេត្តកំពត ទៅកាន់កោះត្រល់ជាមួយភាគីប្រទេសវៀតណាម ពុំទាន់មានលទ្ធផលនៅឡើយទេ តែភាគីកម្ពុជានឹងបន្តរៀបចំការជួបពិភាក្សាបន្ថែមទៀតនាពេលខាងមុខ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងពាក់ព័ន្ធរបស់កម្ពុជា គ្រោងរៀបចំស្វែងយល់លើបញ្ហាបច្ចេកទេសក្នុងការដឹកជញ្ជូនពីចំណុចចាប់ផ្ដើម និងចុងទីនៃគោលដៅផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនមួយគ្រោងធ្វើប្រតិបត្តិការដឹកអ្នកដំណើរទៅមករវាងកំពង់ផែទេសចរណ៍អន្តរជាតិ កំពត និងកោះត្រល់ បានគូសបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពុំទាន់ទទួលបានលទ្ធផលនៃការចរចាជាមួយភាគីប្រទេសវៀតណាម នៅឡើយទេ និងកំពុងរង់ចាំការចរចារបស់ក្រសួងពាក់ព័ន្ធ។ យ៉ាងណាក៏ដោយអ្នកជំនួញដ៏ល្បីល្បាញរូបនេះរំពឹងថា ភាគីកម្ពុជា និងវៀតណាមនឹងអាចជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិភាក្សាគ្នាម្ដងទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានដាក់ឱ្យដំណើរការសាកល្បងនូវកប៉ាល់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ ដោយចំណាយពេលធ្វើដំណើរប្រមាណ៤០នាទីប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈ ប៊ុនថាំ កប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបនេះ មានច្រើនប្រភេទខុសៗគ្នា ដោយកប៉ាល់នីមួយៗ មានតម្លៃចាប់ពី៦០ម៉ឺនរហូតដល់ជាង១លានដុល្លារក្នុង១គ្រឿង ជាមួយសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅជាង២០០នាក់ក្នុង១ជើង ខណៈតម្លៃសំបុត្រធ្វើដំណើរមានន្លោះពី២៨ដុល្លារទៅ៣២ដុល្លារក្នុង១នាក់៕
អត្ថបទ៖ បូ ដូឡា