
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តបាត់ដំបង កំពុងសម្របសម្រួលចរចាជាមួយភាគីថៃ ដើម្បីបើកច្រកនាំចេញផ្លែល្ពៅក្រៅផ្លូវការរបស់កម្ពុជា ទៅកាន់ប្រទេសថៃ តាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីដោះស្រាយបញ្ហាការចាល់ផ្លែល្ពៅនៅលើទីផ្សារ។ តែយ៉ាងណាមកទល់ពេលនេះហាក់មិនទាន់ទទួលបានការឆ្លើយតបពីភាគីថៃ ជុំវិញបញ្ហានេះនៅឡើយទេ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា មកទល់ពេលនេះការចរចាមិនទាន់មានវឌ្ឍនភាពថ្មីនៅឡើយទេ ពីភាគីថៃ។
ជាមួយគ្នានេះ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីសថា កសិករដាំដុះដំណាំល្ពៅនៅតំបន់របស់លោកហាក់មិនមានបញ្ហាទីផ្សារនោះទេ ដោយសារតែការដាំល្ពៅមិនមានជាលក្ខណៈទូលំទូលាយនោះទេ ដោយកសិករភាគច្រើនទទួលផ្លែល្ពៅមកលក់បន្តពីខេត្តផ្សេងៗ ដើម្បីយកមកផ្គត់ផ្គង់បន្ថែម។ បើតាមលោក អ៊ិន សុវណ្ណមុន្នី មកទល់ពេលនេះ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មិនទាន់អនុញ្ញាតឱ្យនាំចូលល្ពៅនៅឡើយទេ។
គួរបញ្ជាក់ថា ក្រោយភាគីថៃ រឹតបន្តឹងមិនឱ្យឈ្មួញកម្ពុជានាំចេញល្ពៅក្រៅផ្លូវការទៅកាន់ទីផ្សារថៃ បានធ្វើឱ្យល្ពៅចាល់នៅលើទីផ្សារ ដែលធ្វើឱ្យតម្លៃល្ពៅមានការធ្លាក់ចុះយ៉ាងខ្លាំង។ ជាមួយគ្នានេះមានឈ្មួញមួយចំនួនបានយកល្ពៅ ដែលមិនអាចនាំចេញទាំងនោះទៅចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕
អត្ថបទ ៖ ជា ម៉ារ៉ា