ក្រុមមន្ត្រីជាន់ខ្ពស់របស់ថៃ បាននិយាយថា ប៉ូលិសថៃ ត្រៀមសុំដីកាពីតុលាការដើម្បីចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ថៃ ចំនួន១០នាក់ ដែលជាប់ពាក់ព័ន្ធបណ្ដាញឧក្រិដ្ឋជន។ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន ឆានវីរៈគុល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក រុត្ថាផុន ណៅវ៉ារ៉ាត់ (Rutthaphon Naowarat) បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចពិតជាកំពុងស៊ើបអង្កេត ដើម្បីឈានទៅដល់ការចាប់ខ្លួនអ្នកនយោបាយថៃ ទាំង១០នាក់នោះមែន ប៉ុន្តែបានបដិសេធមិនបញ្ចេញឈ្មោះអ្នកដែលពាក់ព័ន្ធនោះឡើយ ដោយលើកឡើងថា វាជាការសម្ងាត់។ សំណុំរឿងដ៏រសើបទាំងនេះ កំពុងត្រូវបានដោះស្រាយរួមគ្នាដោយប៉ូលិសវាំង ប៉ូលិសបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានស៊ើបអង្កេតពិសេស។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បាននិយាយថា អាជ្ញាធរបានប្រមូលចងក្រងរួចហើយនូវទិន្នន័យរបស់អ្នកនយោបាយទាំង១០នាក់នោះ ដែលស្ថិតក្រោមការស៊ើបអង្កេត ហើយការចាប់ខ្លួនអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនេះលោកបានបដិសេធការអះអាងថា រដ្ឋាភិបាលថៃ មិនបានធ្វើសកម្មភាពក្នុងរឿងនេះទេ ដោយនិយាយថា ការស៊ើបអង្កេតបានបន្តអស់មួយរយៈហើយ ហើយឥឡូវនេះជិតដល់ការអនុវត្តហើយ។
ទន្ទឹមនេះ ក៏មានក្តីបារម្ភកាន់តែខ្លាំងឡើងផងដែរ ជុំវិញប្រាក់ខុសច្បាប់យ៉ាងសម្បើមដែលហូរចូលក្នុងយុទ្ធនាការបោះឆ្នោត ជាពិសេសមូលនិធិ ដែលទាក់ទងនឹងល្បែងស៊ីសង និងការឆបោក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បាននិយាយថា ប៉ូលិសបង្ក្រាបបទល្មើសបច្ចេកវិទ្យាត្រូវបានបញ្ជាឱ្យធ្វើសកម្មភាពឱ្យបានឆាប់ ដើម្បីទប់ស្កាត់ការរំលោភបំពានបែបនេះ។
គណៈកម្មការរៀបចំការបោះឆ្នោតបានព្រមានថា ប្រសិនបើបេក្ខភាពឈរឈ្មោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពួកគេអាចត្រូវបានដកហូតសិទ្ធិបោះឆ្នោត ទោះបីជាអ្នកដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំអាចនៅតែត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះក៏ដោយ។ គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថា ខ្លួនបានបង្កើនការត្រួតពិនិត្យសេចក្ដីរាយការណ៍ស្ដីពីការទិញសន្លឹកឆ្នោត។
អាជ្ញាធរថៃ បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតនេះ មិនមែនជំរុញដោយសារហេតុផលនយោបាយនោះឡើយ ប៉ុន្តែពេលវេលាបានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលប្រទេសថៃ ខិតជិតដល់ការបោះឆ្នោតដ៏តានតឹងនៅថ្ងៃទី៨ ខែកុម្ភៈ ដ៏ខ្លីខាងមុខនេះ៕
ដោយ: តែម សុខុម