
រាល់ពេលរដ្ឋាភិបាលថ្មី ថៃតែងតែរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួនជានិច្ច ហើយក្រសួងដែលត្រូវបានពិនិត្យពិច័យបំផុត គឺក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេស ដែលគេចាត់ទុកថា ជាចំណុចសំខាន់សម្រាប់ដំណើរការរដ្ឋាភិបាលថ្មី និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលដៅរបស់រដ្ឋាភិបាលថ្មីនោះ។ ជាក់ស្តែងនៅ១ថ្ងៃបន្ទាប់ពីសមាជិកសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អានុទីន ឆានវីរៈគុល បានសម្រេចជ្រើសរើសអគ្គនាយក នៃនាយកដ្ឋានហិរញ្ញវត្ថុលោក ឯកនីតិ នីតិថនប្រាផាស (Ekniti Nitithanprapas) ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុព្រោះលោកមានបទពិសោធច្រើនពាក់ព័ន្ធវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ជាមួយគ្នានេះលោក អានុទីន បានតែងតាំងលោក សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។
ស្ថិតក្នុងវ័យ៥៣ឆ្នាំលោក នីតិថានប្រាផាស បច្ចុប្បន្នកាន់តំណែងជាអគ្គនាយក នៃនាយកដ្ឋានហិរញ្ញវត្ថុរបស់ថៃ ហើយលោកជាអ្នកជំនាញនិងបទពិសោធជាច្រើនឆ្នាំខាងសេដ្ឋកិច្ច និងបានបញ្ចប់ការសិក្សាទាំងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាម៉េរិក ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញដូចគ្នានៅប្រទេសថៃ។
ចំណែកលោក សីហាសាក់ អាយុ៦៧ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាអ្នកការទូតដ៏ឆ្នើមមួយរូបនោះធ្លាប់ធ្វើជាអនុរដ្ឋមន្ត្រីការបរទេស និងជាលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេស។ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រខាងវិទ្យាសាស្ត្រនយោបាយលើជំនាញទំនាក់ទំនងការទូតនៅសាកលវិទ្យាក្នុងស្រុក ហើយលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាម៉េរិកលើជំនាញដដែលនេះ។
លោក សីហាសាក់ បានចាប់ផ្តើមក្នុងអាជីពជាអ្នកការទូតនៅនាយកដ្ឋានព័ត៌មាននៅក្នុងឆ្នាំ១៩៧៩ ហើយក្រោយមកបានបម្រើការនៅស្ថានទូតថៃប្រចាំប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក។ នៅឆ្នាំ២០០០ លោកត្រូវបានតែងតាំងជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេស។ លោកបានដើរតួយ៉ាងសំខាន់ក្នុងឧប្បត្តិហេតុដុតស្ថានទូតថៃនៅទីក្រុងភ្នំពេញ ដោយចូលរួមដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ២០០៦ លោកត្រូវបានតែងតាំងជាអនុលេខាអចិន្ត្រៃយ៍ មុនត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នៅអង្គការសហប្រជាជាតិ លោកបានដើរតួនាទីជាបេសកជនជួរមុខក្នុងការបំភ្លឺ និងការពារជំហររបស់ប្រទេសថៃលើឆាកអន្តរជាតិ៕
ដោយ៖ សុខ មង្គល