នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូភើ លូសុន (Christopher Luxon) បានប្រកាសថា គ្រួសារដែលមានកូនតូចចំនួន១៤ម៉ឺន៣ពាន់គ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥០ដុល្លារនូវែលសេឡង់ ប្រមាណ២៩ដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍។ ដោយឡែក គ្រួសារដែលមានចំណូលមធ្យមចំនួន ១ម៉ឺន៤ពាន់គ្រួសារផ្សេងទៀត ក៏នឹងទទួលបានការឧបត្ថម្ភនេះដែរ ប៉ុន្តែក្នុងកម្រិតទាបជាង ២៩ដុល្លារក្នុង១សប្តាហ៍។
តម្លៃប្រេងសាំងនៅក្នុងប្រទេសនូវែលសេឡង់ បានហក់ឡើងប្រមាណ៤០ទៅ៥០សេនក្នុងមួយលីត្រចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលធ្វើឱ្យតម្លៃប្រេងសាំងឡើងដល់ជាង៣ដុល្លារក្នុងមួយលីត្រ។ ស្ថានភាពនេះបានបង្កឱ្យមានការសម្រុកទៅទិញប្រេងស្តុកទុករហូតដល់ស្ថានីយប្រេងឥន្ធនៈមួយចំនួនអស់ប្រេងលក់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា នូវែលសេឡង់មានស្តុកប្រេងទាំងប្រេងសាំង ម៉ាស៊ូត និងប្រេងយន្តហោះសម្រាប់ប្រើប្រាស់បានរយៈពេល៤៦ថ្ងៃ។
នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់រដ្ឋបាលលោកនៅពេលនេះ គឺធានាឱ្យបាននូវការផ្គត់ផ្គង់ប្រេងឱ្យបានគ្រប់គ្រាន់ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា ការឡើងថ្លៃប្រេងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កញ្ចប់ថវិការបស់គ្រួសារ ដែលមានចំណូលទាប។
យ៉ាងណាមិញ រដ្ឋាភិបាលនៅជុំវិញពិភពលោកបានដាក់ចេញវិធានការខុសៗគ្នាដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់នេះ។ ក្នុងនោះហ្វីលីពីន បានកាត់បន្ថយថ្ងៃធ្វើការ ខណៈស្រីលង្កាបែងចែកប្រេងតាមកំណត់ រីឯអៀរឡង់ និងកម្ពុជា កាត់បន្ថយពន្ធនាំចូលប្រេង ហើយថៃ និងកូរ៉េខាងត្បូងកំណត់តម្លៃលក់រាយ៕
អត្ថបទៈ សួន ឡង់ទី