ក្រុមអ្នកជំនាញសេដ្ឋកិច្ច អំពាវនាវឱ្យពលរដ្ឋកម្ពុជា ត្រូវបន្តស្មារតីសាមគ្គីជាតិ ឱ្យបាននឹងនរ រឹងមាំ កុំចាញ់កលល្បិចសង្រ្គាមចិត្តសាស្រ្តរបស់សត្រូវឈ្លានពាន និងបន្តដំណើរការជីវភាពរស់នៅរបស់ខ្លួនជាប្រក្រតី ដើម្បីជួយគាំទ្រចរន្តសេដ្ឋកិច្ចជាតិ ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរីឡុងនី លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យពង្រឹងស្មារតី កុំទោទន់ទៅនឹងបញ្ហាសង្រ្គាម ដែលកំពុងកើតមានឡើង ពោលគឺត្រូវបន្តធ្វើអ្វីដែលជាជំនាញរៀងៗខ្លួនឡើងវិញ ទាំងអ្នកធ្វើការ ធ្វើអាជីវកម្ម ក៏ដូចជាការសិក្សារៀនសូត្រជាដើម ដ្បិតថា សកម្មភាពទាំងនេះ គឺជាមូលដ្ឋានគ្រឹះ នៃថ្នាលសេដ្ឋកិច្ចជាតិសម្រាប់កម្ពុជា ទៅថ្ងៃអនាគត។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃ ប្រជាជនទាំងអស់ត្រូវពង្រឹងស្មារតីឱ្យបាននឹងនរ និងតាមដានតែព័ត៌ពិតច្បាស់លាស់ ដើម្បីកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងការរស់នៅប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់ការរកចំណូលរបស់ខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ ពលរដ្ឋដែលមិនរងផលប៉ះពាល់ដោយផ្ទាល់ពីសង្រ្គាមនេះ ត្រូវតែបន្តធ្វើការងារ និងមុខរបររបស់ខ្លួនជាប្រក្រតី និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ស្របពេលប្រទេសមហាអំណាចធំៗ ក៏កំពុងចូលជួយអន្តរាគមន៍ ដើម្បីបញ្ចប់សង្រ្គាមនេះផងដែរ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរជាកម្លាំងនៅពីក្រោយដ៏សំខាន់ក្នុងការជួយទប់ទល់ និងឈានទៅរកភាពជោគជ័យលើការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ អ្នកជំនាញរូបនេះបន្តថា ការទប់ទល់ជាមួយព័ត៌មានមិនពិតរបស់ភាគីថៃ ដែលចង់បំបាក់ស្មារតី និងចរន្តសេដ្ឋកិច្ចជាតិរបស់កម្ពុជា ក៏ជារឿងចាំបាច់ដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ត្រូវងើបឡើងដើម្បីតតាំងផងដែរ។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួបរួមស្មារតីសាមគ្គីជាតិបន្ថែមទៀត នៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងរងការឈ្លានពានប្រដាប់អាវុធ និងសង្រ្គាមចិត្តសាស្រ្តរបស់ថៃនេះ។ លោកថា ក្រៅពីជួយចែករំលែកទុក្ខលំបាកគ្នា ប្រជាពលរដ្ឋត្រូវពង្រឹងស្មារតី និងបន្តកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីជំរុញចរន្តសេដ្ឋកិច្ច និងបង្កើនធនធានថវិកាសម្រាប់ជួយគាំទ្រដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងប្រយុទ្ធការពារទឹកដី និងពលរដ្ឋភៀសសឹក។
គួរជម្រាបថា សង្គ្រាមឈ្លានពានរបស់យោធាល្មោភសង្គ្រាមថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានឈានដល់ថ្ងៃទី១១ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ដោយយោធាថៃ បានបន្តបាញ់ប្រហារទាំងកំរោលមកលើកងកម្លាំង ភូមិឋានជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងឯកជនជាច្រើន តាមរយៈការប្រើប្រាស់អាវុធធុនធំគ្រប់ប្រភេទ ផ្សែងពុល យន្តហោះចម្បាំង F-16 និងគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិ ហាមឃាត់ ដែលបណ្តាលឱ្យពលរដ្ឋស៊ីវិលស្លាប់ដល់១៧នាក់ របួស៧៧នាក់ និងភៀសសឹកជាង៤៤ម៉ឺននាក់៕