លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកលទ្ធផលនៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC គឺមានលក្ខណៈល្អប្រសើរ សម្រាប់ភាគីទាំងពីរក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា និងអនុញ្ញាត្តឱ្យទាហានកម្ពុជាទាំង១៨រូប ដែលថៃចាប់យកទៅ អាចវិលត្រឡប់មកកម្ពុជាវិញ ប្រសិនបទឈប់បាញ់រយៈពេល៧២ម៉ោងនេះ អនុវត្តដោយប្រសិទ្ធភាព។ ប៉ុន្ដែ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាក៏មិនអាចទុកចិត្តលើភាគីថៃទាំងស្រុងនោះដែរ ដ្បិតកិច្ចព្រមព្រៀងនេះ ក៏មានចែងអំពីកាតព្វកិច្ចនៃការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលកន្លងមកភាគីថៃ តែងតែយកលេសលើបញ្ហាមីន ដើម្បីបង្កអរិភាពជាមួយកម្ពុជា។ ក្នុងន័យនេះ អ្នកជំនាញរូបនេះ អំពាវនាវឱ្យភាគីកម្ពុជាបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះបីជាមានបទឈប់បាញ់ក្ដី។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ ទោះបីកម្ពជា-ថៃបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមបទឈប់បាញ់ ក៏ពិតមែន ប៉ុន្តែ ភាគីកម្ពុជាគួរតែបន្តត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទប់ទល់នឹងអរិភាពណាមួយ ដែលភាគីថៃអាចបង្កឡើង ដើម្បីធ្វើជាលេសបង្កើតជម្លោះបន្តទៀត។ ដ្បិតថា កន្លងមក ទោះមានប្រទេសមហាអំណាច និងប្រធានអាស៊ានធ្វើជាសាក្សីក៏ដោយ ប៉ុន្ដែភាគីថៃនៅតែបំពាន ដូច្នេះ កម្ពុជា មិនអាចដាក់ក្ដីសង្ឃឹម ឬជឿជាក់ទាំងស្រុងទៅលើភាគីថៃបានទេ។
គួរជម្រាបថា តាមរយៈសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីកម្ពុជា និងថៃបានសម្រេចអនុវត្តបទឈប់បាញ់រយៈពេល៧២ម៉ោង ដោយគិតចាប់ពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ។ ក្រោយពេល ៧២ម៉ោង បញ្ចប់ ភាគីថៃ នឹងអាចដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដែលថៃចាប់យកទៅ ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ