លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានគូសបញ្ជាក់ថា មកដល់ពេលនេះសំបុកត្រចៀកកាំកម្ពុជា ពុំទាន់អាចនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិន បាននៅឡើយទេ ដោយសារមិនទាន់បំពេញនីតិវិធីរួចរាល់។ បើតាមអ្នកជំនាញរូបនេះ ដើម្បីអាចនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនបាន លុះណាតែមានក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្ទះត្រចៀកកាំចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមនីតិវិធីរបស់គយចិន។ តែយ៉ាងណាអ្នកជំនាញរូបនេះលើកឡើងថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៦បានរៀបចំចុះបញ្ជី និងមានផ្ទះត្រចៀកកាំប្រមាណ៨០០ខ្នងកំពុងចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមលោក ស៊ុយ កុកធាន ចំនួននាំចេញសំបុកត្រចៀកកាំអាស្រ័យតាមការវាយតម្លៃនៃការចុះបញ្ជីផ្ទះត្រចៀកកាំ ហើយគេក៏ពុំអាចបន្លំបរិមាណក្នុងការនាំចេញបាននោះដែរ ព្រោះអាចនឹងបង្កផលប៉ះពាល់ដល់វិស័យត្រចៀកកាំរបស់កម្ពុជា។
បើតាមលោក ស៊ុយ កុកធាន នៅក្នុងរយៈពេលចុងក្រោយនេះ ផ្ទះត្រចៀកកាំមានការរីកចម្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែន ប៉ុន្តែភាពតានតឹងរវាងកម្ពុជា និងថៃ បានបង្កផលប៉ះពាល់ដល់វិស័យនេះផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើកឡើងថា ទោះមានភាពតានតឹងខ្សែបន្ទាត់ព្រំដែន និងមិនអាចនាំចេញសំបុកត្រចៀកកាំទៅទីផ្សារថៃ ក៏ដោយ ក៏កម្ពុជា នៅតែមានលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសផ្សេងក្រៅពីប្រទេសថៃ បានផងដែរ។
សូមបញ្ជាក់ថា សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការទាមទារឱ្យគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាព ខណៈអ្នកជំនាញរំពឹងថា វានឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានតម្លៃល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ បូ ដូឡា