ថាមពលឥន្ធនៈ

តម្លៃប្រេង និងពាណិជ្ជកម្មសកលកំពុងប្រឈមមុខនឹងភាពវឹកវរ ក្រោយអាម៉េរិកនិងអ៊ីស្រាអែលត្រួតគ្នាវាយអ៊ីរ៉ង់


ការសម្រេចចិត្តវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងការឆ្លើយតបសងសឹកពីសំណាក់អ៊ីរ៉ង់ គឺជាសេណារីយូដ៏គ្រោះថ្នាក់បំផុត ដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារប្រេង ពាណិជ្ជកម្មតំបន់ និងវិបត្តិសេដ្ឋកិច្ចពិភពលោកទាំងមូល។ សារព័ត៌មាន CNBC បានរាយការណ៍ថា វិបត្តិដ៏មហន្តរាយនេះនឹងកាន់តែអាក្រក់ ប្រសិនបើអ៊ីរ៉ង់សម្រេចបិទច្រកសមុទ្រ ហ័រម៉ូស បានជោគជ័យ ខណៈដែលសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តមិនអាចទប់ស្កាត់ស្ថានការណ៍នេះបាន។
ថាមពលឥន្ធនៈ
ដោយ

ភាពតានតឹងនៃការវាយប្រហាររួមគ្នាមិនឱ្យដឹងខ្លួងរវាងអាម៉េរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កំពុងរុញច្រានស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោកឱ្យស្ថិតក្នុងភាពរង្គោះរង្គើ។ ប្រសិនបើអ៊ីរ៉ង់ ប្រើប្រាស់យុទ្ធសាស្ត្របិទច្រកសមុទ្រហ័រម៉ូស ដូចការព្រមានមែននោះ សេដ្ឋកិច្ចសកលនឹងត្រូវជួបគ្រោះអាសន្នភ្លាមៗ។ បច្ចុប្បន្នប្រមាណ១/៣ នៃការនាំចេញប្រេងតាមសមុទ្រ និង២០% នៃការនាំចេញឧស្ម័នធម្មជាតិផ្គត់ផ្គង់លើទីផ្សារពិភពលោក គឺសុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកយុទ្ធសាស្ត្រមួយនេះ។

ក្នុងចំណោមក្រុមប្រទេសផលិតប្រេង OPEC អ៊ីរ៉ង់ គឺជាអ្នកផលិតធំជាងគេលំដាប់ទី៤ ដែលមានសមត្ថភាពផ្គត់ផ្គង់លើសពី៣លានបារ៉ែលក្នុងមួយថ្ងៃ។ អ្វីដែលសំខាន់បំផុតនោះ ភូមិសាស្ត្រនយោបាយរបស់អ៊ីរ៉ង់ ដែលស្ថិតតាមបណ្តោយឆ្នេរ នៃច្រកសមុទ្រហ័រម៉ូស បានធ្វើឱ្យប្រទេសនេះមានអំណាចក្នុងការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់សម្រាប់តម្លៃទំនិញសកល។

លោក បូប ម៉ាកណាលី (Bob McNally) អតីតទីប្រឹក្សាថាមពល នៃសេតវិមាន បានព្រមានថា ពិភពលោកមិនត្រូវមើលស្រាលការគំរាមកំហែងសងសឹករបស់អ៊ីរ៉ង់ឡើយ។ លោកបានព្យាករថា តម្លៃប្រេងឆៅនៅសប្តាហ៍ក្រោយ អាចនឹងហក់ឡើងពី៥ ទៅ៧ដុល្លារបន្ថែមទៀតក្នុងមួយបារ៉ែល។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ មុនការវាយប្រហារ តម្លៃប្រេងឆៅអន្តរជាតិបានឡើងថ្លៃ២,៤៥% រួចទៅហើយ ពោលគឺដល់កម្រិត៧២,៤៨ដុល្លារក្នុងមួយបារ៉ែល។

លោក ម៉ាកណាលី បានសង្កត់ធ្ងន់ថា ប្រសិនបើច្រកសមុទ្រហ័រម៉ូស លែងមានសុវត្ថិភាព តម្លៃប្រេងអាចនឹងហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល។ លោកបន្ថែមថា អ៊ីរ៉ង់មានគ្រាប់មីនក្នុងទឹក និងមីស៊ីលរយៈចម្ងាយខ្លីគ្រប់គ្រាន់ ដើម្បីបង្កការរំខានដល់ចរាចរណ៍ទំនិញតាមផ្លូវទឹក។ កាលពីឆ្នាំ២០២៥ កន្លងទៅ ច្រកសមុទ្រនេះបានបម្រើការដឹកជញ្ជូនប្រេងរហូតដល់១៤លានបារ៉ែលក្នុងមួយថ្ងៃ ហើយក៏ជាដង្ហើមសេដ្ឋកិច្ច ដ៏មមាញឹកសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងតំបន់មជ្ឈិមបូព៌ាជាមួយចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕

ដោយ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ដំណើរទៅកាន់ប្រទេសវៀតណាមជាមួយ Vietjet ទទួលបានការបញ្ចុះតម្លៃសំបុត្រពិសេស និងមានឱកាសឈ្នះរង្វាន់មាស

(ភ្នំពេញ ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរកម្សាន្តដើម្បីទទួលបានបទពិស…

លោក ត្រាំ បានព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់អាចអូសបន្លាយពេលលើសពី១ខែ ទោះបីមេដឹកនាំកំពូលអ៊ីរ៉ង់ចំនួន៤៨រូបត្រូវបានសម្លាប់ប៉ុន្តែកម្លាំងប្រយុទ្ធអីរ៉ង់រឹងដូចដុំថ្ម

លោក ត្រាំ បានព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់អាចអូសបន្លាយពេលលើសពី១ខែ ទោះបីមេដឹកនាំកំពូលអ៊ីរ៉ង់ចំនួន៤៨រូបត្រូវបានសម្លាប់ប៉ុន្តែកម្លាំងប្រយុទ្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ