ទីភ្នាក់ងារព័ត៌មាន អេភី បានរាយការណ៍ថា ក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានលើកឡើងថា ប្រតិបត្តិការយោធារបស់អាម៉េរិក នៅតំបន់មជ្ឈិមបូព៌ានឹងបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខ បានធ្វើឱ្យវិនិយោគិន ដែលមានការព្រួយបារម្ភចំពោះស្ថិរភាពតម្លៃប្រាក់ដុល្លារចាប់ផ្តើមមានទំនុកចិត្តលើប្រាក់ដុល្លារឡើងវិញ។ តម្លៃប្រាក់ដុល្លារបើធៀបនឹងរូបិយប័ណ្ណធំៗដូចលុយយ៉េនជប៉ុន និង លុយអឺរ៉ូ ហាក់មានស្ថិរភាពល្អ។
ជាមួយគ្នានេះដែរ សញ្ញាវិជ្ជមាននៅតាមទីផ្សារភាគហ៊ុនធំៗក្នុងនោះ តំបន់អាស៊ី ដូចជាផ្សារភាគហ៊ុនកូរ៉េខាងត្បូង បានហក់ឡើងដល់ ៦,៤% ខណៈផ្សារភាគហ៊ុនជប៉ុន កើនឡើង៤% រីឯផ្សារហ៊ុននៅហុងកុង កើនឡើងជិត ២% និងផ្សារភាគហ៊ុននៅសៀងហៃ កើនឡើង១,៤%។ ដោយឡែកទីផ្សារភាគហ៊ុននៅអាម៉េរិក Wall Street ក៏បានកើនឡើងជិត ៣% ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែឧសភាឆ្នាំ២០២៥ ។
ស្របពេលជាមួយគ្នានេះតម្លៃប្រេងឥន្ធនៈ និង លោហៈធាតុមានតម្លៃដូចជា មាស ក៏មានសម្ទុះកើនឡើងខ្លាំងផងដែរ ក្នុងនោះតម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើងប្រមាណ១,៥%ឈានដល់ជាង ១០៥ដុល្លារក្នុងមួយបារ៉ែល និងតម្លៃមាស កើនឡើង០,៧% ដោយតម្លៃមាសដុំហក់ឡើងដល់ប្រមាណ ៥,៦៥០ ដុល្លារក្នុង១តម្លឹង។
លោក ខៃ រ៉ូដា (Kyle Rodda) អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមហ៊ុន Capital បានលើកឡើងថា នៅពេលនេះរាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធទៅនឹងស្ថានភាពនៅអ៊ីរ៉ង់ គឺជាកត្តាកំណត់យ៉ាងសំខាន់ចំពោះវាសនាអនាគតសេដ្ឋកិច្ចពិភពលោក៕
ដោយៈ សរ សុជាតិ