អ្នកឧកញ៉ា ម៉ុង ឫទ្ធី

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សន្យាជួយទិញកសិផលពីកសិករឱ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ ក្រោយថៃបិទច្រកព្រំដែន


អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សន្យាជួយប្រមូលទិញកសិផលពីកសិករយកមកកែច្នៃ និងផលិតជាចំណីសត្វឱ្យអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយក្ដីបារម្ភរបស់កសិករពាក់ព័ន្ធបញ្ហាទីផ្សារ ក្រោយប្រទេសថៃបិទច្រកព្រំដែនដោយឯកតោភាគី។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី
ដោយ

ជាមួយគ្នានេះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានជំរុញឱ្យសភាពាណិជ្ជកម្មខេត្តជួយរកទីផ្សារកសិផលជូនកសិករផងដែរ ខណៈភាពតានតឹងរវាងកម្ពុជា និងថៃបានធ្វើឱ្យប៉ះពាល់ដល់លំហូរពាណិជ្ជកម្មទ្វេភាគី។ ការសន្យា និងការជំរុញរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងអ្នកឧកញ៉ា គិត ម៉េង នេះធ្វើឡើងក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥ កាលពីថ្ងៃទី២ ខែកក្កដា។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣នៃព្រឹទ្ធសភា និងជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានគូសបញ្ជាក់ថា ក្រុមហ៊ុន ម៉ុង ឫទ្ធី នឹងខិតខំរិះរកកែច្នៃវត្ថុធាតុដើមក្នុងការផលិតចំណីសត្វដោយប្រើដំឡូងមី ពោត កន្ទក់ និងចុងអង្ករឱ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះមហាសេដ្ឋីរូបនេះ ក៏បានសន្យាជួយប្រមូលទិញកសិផលពីកសិករឱ្យអស់ពីលទ្ធភាពផងដែរ ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករនៅតាមខេត្តជាប់ព្រំដែនជាមួយថៃ ក្រោយថៃបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជាដោយឯកតោភាគី។

ពាក់ព័ន្ធនឹងបញ្ហានេះដែរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចាត់ទុកភាពតានតឹងរវាងកម្ពុជា និងថៃ បានបង្កផលប៉ះពាល់មួយចំនួនដល់កសិករខ្មែរដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន។ ជាមួយគ្នានេះ អ្នកឧកញ៉ា ជំរុញឱ្យសភាពាណិជ្ជកម្មតាមបណ្ដាខេត្តពាក់ព័ន្ធជួយដោះស្រាយ និងរកទីផ្សារកសិផលជូនដល់កសិករផងដែរ។ នៅក្នុងស្ថានភាពដែលកម្ពុជា និងថៃ កំពុងមានភាពតានតឹងនេះ អ្នកឧកញ៉ា គិត ម៉េង ជឿជាក់ថា ការចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានាពេលខាងមុខ។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ឥទ្ធិពលនៃការបិទព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មជាមួយប្រទេសថៃ កំពុងរំខានដល់លំហូរពាណិជ្ជកម្ម ទេសចរណ៍ និងការងាររវាងប្រទេសទាំងពីរ។ ផលប៉ះពាល់ទាំងនេះ ទាមទារឱ្យកម្ពុជាត្រូវសម្របខ្លួនក្នុងរយៈពេលខ្លី និងការផ្លាស់ប្តូររចនាសម្ព័ន្ធរយៈពេលវែង ដែលចាំបាច់ត្រូវធ្វើកំណែទម្រង់ពាណិជ្ជកម្មជាប្រព័ន្ធ និងការធ្វើពិពិធកម្មក្នុងតំបន់ ដើម្បីបញ្ចៀស និងសម្រាលនូវផលប៉ះពាល់ដែលអាចកើតមានឡើងជាយថាហេតុដល់ធុរកិច្ច និងវិនិយោគ និងត្រៀមខ្លួនដើម្បីចាប់យកកាលានុវត្តភាពនៅពេលស្ថានភាពអំណោយផល៕

អត្ថបទ៖ ខេមបូណូមីស,រូបភាព តែន ចិន




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះ ដែលសង្ឃឹមទទួលបានកិច្ចព្រមព្រៀងជាមួយអាម៉េរិក ក្រោយការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល់?

ស្របពេលឱសានវាទនៃការពន្យាពេលអនុវត្តពន្ធបដិការរបស់លោក ដូណាល់ ត្រាំ នឹងចូលមកដល់នៅថ្ងៃទី៩ ខែកក្កដា ខាងមុខនេះ មកដល់ពេលនេះក្តីសង្ឃឹមរបស់ប្រទ…

អ្នកបំបែកខ្លួន កំពុងសាបព្រោះភាពភ័យខ្លាចនៅក្នុងខេត្តទេសចរណ៍សំខាន់ៗ៣របស់ថៃ

ប្រភពសន្តិសុខនៅភាគខាងត្បូងប្រទេសថៃបាននិយាយថា ការរកឃើញគ្រាប់បែកថ្មីៗនេះនៅក្នុងខេត្តទេសចរណ៍ចំនួន៣រួមមានខេត្តភូកេត ផាងហ្កា និងក្រាប៊ី គឺជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ