
ព្រឹត្តិការណ៍ដ៏សំខាន់នេះបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗដើម្បី ពិភាក្សាអំពីស្ថានភាពអាជីវកម្ម និងបច្ចេកវិទ្យាដែលមានការវិវត្តយ៉ាងលឿននៅក្នុងតំបន់អាស៊ាន។ វេទិកានេះបានផ្ដល់នូវការរពិភាក្សាកម្រិតខ្ពស់អំពីនវានុវត្តន៍, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាបញ្ហា ប្រឈម និងឱកាស ដែលកើតចេញពីវឌ្ឍនភាពបច្ចេកវិទ្យាដ៏ឆាប់រហ័ស។

ក្នុងនាមជាវាគ្មិនដ៏សំខាន់នៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “បដិវត្តន៍សេដ្ឋកិច្ចឌីជីថល៖ កសាងអនាគតនៃនវានុវត្តន៍ និងកំណើន - “The Digital Economy Revolution: Shaping the Future of Innovation and Growth” អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងពីតម្រូវការចាំបាច់ សម្រាប់តំបន់អាស៊ានក្នុងការទាញយកសក្តានុពលពីធនធានមនុស្សជំនាន់ក្រោយ និងហេដ្ឋារចនា សម្ព័ន្ធឌីជីថល ដែលកំពុងរីកចម្រើន ដើម្បីជំរុញកំណើនប្រកបដោយនវានុវត្តន៍។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាគម្លាតនៃការទទួលយកបច្ចេកវិទ្យា និងឧបសគ្គផ្នែកបទប្បញ្ញត្តិ។ លើសពីនេះ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា កិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នអប់រំ គឺចាំបាច់សម្រាប់ជំរុញនវានុវត្តន៍ និងធានាបាននូវភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចឌីជីថល។ ក្នុងន័យនេះ អ្នកឧកញ៉ាបានជំរុញឲ្យមានការបង្កើត ភាពជាដៃគូសាធារណៈ-ឯកជន ដើម្បីគាំទ្រគម្រោងវិនិយោគដែលមានទំហំធំ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា «ជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដែលខ្ញុំបានជួប និងផ្លាស់ប្តូរ ទស្សនៈជាមួយថ្នាក់ដឹកនាំនានានៅក្នុងវេទិកាធុរកិច្ចអូស្ត្រាលី-អាស៊ាន ឆ្នាំ២០២៥ នេះ។ កិច្ចពិភាក្សា អំពីនវានុវត្តន៍ កិច្ចសហការ និងអនាគតនៃបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន គឺមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់ការដោះស្រាយបញ្ហាប្រឈមនាពេលអនាគត និងធានាថាតំបន់នេះអាចទាញយក សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ។ ក្រុមហ៊ុន WorldBridge Group នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើក កម្ពស់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន ដោយប្រើប្រាស់ការយល់ដឹងដែលទទួលបាន ពីវេទិកាបែបនេះ ដើម្បីរៀបចំគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ របស់ខ្លួន។»