វេទិកានេះមានការពិភាក្សាស៊ីជម្រៅជាមួយវាគ្មិនសំខាន់ៗដែលពោរពេញដោយចំណេះជំនាញ និងកេរ្ដិ៍ឈ្មោះល្បីរន្ទឺជាច្រើនរូប រួមមាន លោក Michael R. Bloomberg ស្ថាបនិកក្រុមហ៊ុន Bloomberg LP និង Bloomberg Philanthropies; លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានថ្លែងអំពីប្រធានបទស្នូលដូចជា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន និងតួនាទីរបស់សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ; លោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី; និងនាយកប្រតិបត្តិជាន់ខ្ពស់ពីសាជីវកម្មឈានមុខគេលំដាប់ពិភពលោក។
ការចូលរួមរបស់អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងនាមជាវិនិយោគិនខ្មែរ ដ៏មានសក្ដានុពល ដើម្បីភ្ជាប់ខ្លួនជាមួយគំនិតដឹកនាំផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ និងការកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលកំពុងស្ថាបនាក្របខណ្ឌសេដ្ឋកិច្ចសកល។ លោកបានផ្តល់នូវទស្សនវិស័យជាក់ស្តែងទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកវិសាលភាពជាសកលរបស់ពួកគេ តាមរយៈការវិនិយោគចូលក្នុងទីផ្សារកម្ពុជា។ វេទិកានេះបានផ្តល់ឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរគំនិត និងស្វែងរកកិច្ចសហការ ដែលស្របតាមនិន្នាការសេដ្ឋកិច្ចនាពេលអនាគត។