
ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានព្រមានថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញទៅពីអាស៊ីអាគ្នេយ៍ កំពុងបង្ហាញវត្តមាននៅប្រទេសទីម័រខាងកើត។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរទីម័រខាងកើតបានឆ្មក់បង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់ពាណិជ្ជកម្មដ៏ធំមួយ។ តំបន់ពាណិជ្ជកម្មសេរីនេះត្រូវបានបង្កើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ ហើយពេលនេះតំបន់ពាណិជ្ជកម្មសេរីនេះត្រូវបានក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញប្រើប្រាស់ធ្វើជាទីតាំង ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត ការធ្វើទារុណកម្ម ការជួញដូរមនុស្ស ឬការបង្ខាំងមនុស្សខុសច្បាប់ជាដើម។
អំឡុងពេលឆ្មក់បង្ក្រាបទីតាំងឆបោកខាងលើ អាជ្ញាធរទីម័រខាងកើត បានរកឃើញស៊ីមកាតទូរសព្ទ ថាសអ៊ីនធឺណិតផ្កាយរណប Starlink និងការភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាញឧក្រិដ្ឋជននានា រួមទាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញដ៏ល្បីឈ្មោះ 14K Triad នៅប្រទេសចិន ផងដែរ ហើយមនុស្សប្រមាណ៣០នាក់ មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសចិន ត្រូវបានចាប់ខ្លួន។
ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបង្ក្រាបគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញទាំងនេះ កំពុងប្តូរទីតាំងទៅកាន់ប្រទេសថ្មីៗដូចជាទីម័រខាងកើតជាដើម ពីព្រោះអាជ្ញាធរនៅទីតាំងចាស់ៗក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជាថៃ ឡាវ មីយ៉ាន់ម៉ាជាដើម បានដឹងពីសកម្មភាពរបស់ពួកគេ និងបានបង្កើនការបង្ក្រាបទៅលើពួកគេយ៉ាងសកម្ម៕
ដោយ: តែម សុខុម