វិស័យពាណិជ្ជកម្ម

ទំហំទិញទំនិញតាមរយៈការឡាយផ្ទាល់នៅអាម៉េរិក រំពឹងកើនដល់២០ពាន់លានដុល្លារនៅឆ្នាំ២០២៦


និន្នាការទិញទំនិញតាមរយៈការឡាយវីដេអូផ្សាយផ្ទាល់ ដែលធ្លាប់តែផ្ទុះការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន អំឡុងពេលជាងមួយទសវត្សរ៍កន្លងមកនេះ កំពុងសម្ទុះខ្លាំងនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។ កាតាលីករដ៏សំខាន់នៅពីក្រោយការផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់នេះ គឺការហក់ឡើងយ៉ាងគំហុកនៃការបញ្ជាទិញតាមបណ្តាញសង្គម TikTok Shop រួមជាមួយវេទិកាពាណិជ្ជកម្មផ្សាយផ្ទាល់ Whatnot ដែលធ្វើឱ្យមានការព្យាករថា ទំហំបញ្ជាទិញទំនិញតាមអនឡាញនៅអាម៉េរិកនឹងហក់ឡើងដល់២០ពាន់លានដុល្លារនៅឆ្នាំ២០២៦ នេះ។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី១ ខែកញ្ញា ថា ក្រុមហ៊ុនផលិតឧបករណ៍ធ្វើម៉ូដសក់ Beachwaver អាចប្រមូលប្រាក់ចំណូលបានរហូតដល់ប្រមាណ៨,០០០ដុល្លារត្រឹមតែរយៈពេល៤ម៉ោងដំបូងនៃការឡាយលក់ផ្ទាល់នៅលើ TikTok Shop កាលពីចុងខែកក្កដា។ ក្រុមហ៊ុនដដែលនេះបានទម្លាយថា ក្នុងចំណោមចំណូល១លានដុល្លារដែលរកបានពី TikTok Shop ក្នុងឆ្នាំ២០២៦ ប្រភពចំណូលជិត២៥% គឺបានមកពីសកម្មភាពឡាយលក់ទំនិញផ្ទាល់នេះឯង។
តាមការប៉ាន់ប្រមាណរបស់ស្ថាប័នស្រាវជ្រាវ eMarketer ទីផ្សារទិញទំនិញតាមរយៈការឡាយផ្ទាល់នៅសហរដ្ឋអាម៉េរិកត្រូវបានគេព្យាករថា នឹងហក់ឡើងដល់២០ពាន់លានដុល្លារក្នុងឆ្នាំ២០២៦ នេះ ពោលគឺកើនឡើងប្រមាណ៣៥% បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា តួលេខនេះនៅតែមានគម្លាតឆ្ងាយខ្លាំង បើធៀបនឹងការកើនឡើងយ៉ាងសម្បើមនៅក្នុងប្រទេសចិន។
eMarketer បានបន្ថែមថា ក្រុមហ៊ុន Alibaba បានដាក់ឱ្យប្រើប្រាស់ Taobao Live នៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០១៦។ ត្រឹមរយៈពេល៥ឆ្នាំ ទីផ្សារមួយនេះបានបំបែកកំណត់ត្រាកើនលើសពី៥០ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករថា នឹងបន្តស្ទុះឡើងរហូតដល់លើស១,១ទ្រីលានដុល្លារនៅឆ្នាំ២០២៦ នេះ។
ដោយឡែក TikTok Shop ដែលបានចាប់ផ្តើមប្រតិបត្តិការនៅអាម៉េរិកក្នុងឆ្នាំ២០២៣ បានប្រាប់ CNBC ថា ទំហំការលក់តាមរយៈការឡាយផ្ទាល់ក្នុងឆមាសទី១ឆ្នាំ២០២៦ បានកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ចំនួននៃការឡាយលក់ទំនិញបានកើនឡើងជាង៦០% ហើយម៉ោងឡាយសរុបបានហក់ឡើងរហូតដល់ជាង៨០%។
ចំណែកឯផ្លេតហ្វម Whatnot ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩ និងល្បីល្បាញតាមរយៈការដេញថ្លៃវត្ថុកម្រ និងរបស់សន្សំទុក ក៏បានពង្រីកខ្លួនយ៉ាងរហ័សក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ជាមួយនឹងការកើនឡើងនៃតម្លៃទីផ្សារចាប់តាំងពីខែតុលា ឆ្នាំមុន។ Whatnot បានអះអាងថា ខ្លួនជាវេទិកា Live Shopping ធំជាងគេនៅសហរដ្ឋអាម៉េរិក ដោយមិនបានទម្លាយតួលេខលក់ក្នុងស្រុកជាក់ស្តែង ប៉ុន្តែក្រុមហ៊ុនបានប្រាប់ CNBC ថា ភាគច្រើននៃចំណូលសរុប៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ គឺបានមកពីទីផ្សារសហរដ្ឋអាម៉េរិកទាំងស្រុង៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ហូឡង់សម្រុកដឹកមាស៨៦តោនចេញពីអាម៉េរិក តើអឺរ៉ុប កំពុងបាត់បង់ទំនុកចិត្តលើអាម៉េរិកមែនទេ?

ហូឡង់ បានផ្លាស់ទីមាសបម្រុង​របស់​ខ្លួនដល់ទៅ៨៦តោន ដែលមានតម្លៃរាប់ពាន់លានដុល្លារចេញពីឃ្លាំងនៅអាម៉េរិក និងកាណាដា ទៅរក្សាទុកនៅទីក្រុងឡុងដ…

​ សិង្ហបុរី បានពង្រីកផ្ទៃដីបាន២៨%! តើសិង្ហបុរី ពង្រីកផ្ទៃដីប្រទេសដោយរបៀបណា?

សិង្ហបុរី ដែលជាប្រជាជាតិកោះដ៏តូចច្រឡឹងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​កំពុងអនុវត្តយ៉ាងជោគជ័យនូវគោលនយោបាយពង្រីកដែនដីយ៉ាងស្ងៀមស្ងាត់ ប៉ុន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ