
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា អ្នកដែលនៅរស់រានមានជីវិតនោះជាជនជាតិអង់គ្លេសមានដើមកំណើតឥណ្ឌា ដែលពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ព័ត៌មានបច្ចុប្បន្នភាពបានឱ្យដឹងថា យន្តហោះមួយគ្រឿងធុន Boeing 787-8 Dreamliner ដ៏ទំនើបដែលជួបគ្រោះថ្នាក់ធ្លាក់នេះផ្ទុកមនុស្សចំនួន២៤២នាក់ ក្នុងនោះមានជនជាតិឥណ្ឌា មានចំនួន១៦៩នាក់ ជនជាតិអង់គ្លេសចំនួន៥៣នាក់ ជនជាតិព័រទុយហ្គាល់ចំនួន៧នាក់ និងជនជាតិកាណាដាម្នាក់។
គួររំឭកថា ជើងហោះហើរ Flight AI171 ដែលជួបគ្រោះថ្នាក់ខាងលើនេះបានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងអាមេដាបាត (Ahmedabad) នៅវេលាម៉ោង១:៣៨នាទីរសៀលម៉ោងនៅក្នុងស្រុក ហើយប៉ុន្មាននាទីក្រោយមកក៏បានជួបគ្រោះថ្នាក់ធ្លាក់ចំអន្តេវាសិកដ្ឋាន ឬកន្លែងស្នាក់នៅរបស់និស្សិតពេទ្យដែលនៅក្បែរនោះ។
យោងតាមសហព័ន្ធសមាគមវេជ្ជសាស្ត្រឥណ្ឌាបានឱ្យដឹងថា និស្សិតប្រមាណចន្លោះពី៥០នាក់ទៅ៦០នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរហូតមកទល់ពេលនេះ មនុស្ស៥នាក់កំពុងបាត់ខ្លួននៅឡើយ។
សូមបញ្ជាក់ថា គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការធ្លាក់នេះនៅឡើយទេ ព្រោះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែនៅពេលដែលយន្តហោះជួបគ្រោះថ្នាក់នេះហោះឡើងបានបន្តិច វាបានលោតចេញសញ្ញាមានបញ្ហាបច្ចេកទេសធ្ងន់ធ្ងរ ឬផ្នែកណាមួយនៃម៉ាស៊ីនបានគាំងដំណើរការ៕
ដោយ: តែម សុខុម