
ក្រុមប្រទេសផលិតប្រេងធំៗដែលជាសមាជិករបស់អង្គការ OPEC+ ដែលក្តោបចំណែកទិន្នផលប្រេងប្រមាណពាក់កណ្តាលនៃទិន្នផលប្រេងសរុបរបស់ពិភពលោកបានកាត់បន្ថយការផលិតប្រេងសម្រាប់ទីផ្សារសកលចាប់តាំងពីឆ្នាំ២០២២។ ប៉ុន្តែក្រុមប្រទេសនេះបានផ្លាស់ប្តូរទិសដៅរបស់ខ្លួននៅឆ្នាំ២០២៥ ដើម្បីដណ្ដើមយកចំណែកទីផ្សារឡើងវិញចំពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទាមទារឱ្យក្រុមប្រទេសនេះបូមប្រេងបន្ថែមទៀត ដើម្បីជួយរក្សាតម្លៃប្រេងសាំងឱ្យនៅទាប។
យ៉ាងណាមិញក្រុមប្រទេស OPEC+ បានព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងជាប់ៗគ្នាជាច្រើនខែកន្លងមកនេះ ដោយកាលពីខែមេសា ក្រុមប្រទេសនេះ បានព្រមព្រៀងគ្នាបង្កើនទិន្នផលប្រេងជិត១៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ និងបានបង្កើន៤២ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃថែមទៀតសម្រាប់ខែឧសភា មិថុនា និងកក្កដា។
ជាមួយគ្នានេះ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ក្រុមប្រទេសផលិតប្រេង OPEC+ បានព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងបន្ថែមទៀតផងដែរ។ ក្រុមប្រទេស OPEC+ ចំនួន៨ រួមមានរុស្ស៊ី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉េត អូម៉ង់ អ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងអាល់ហ្សេរី បានព្រមព្រៀងគ្នាថា នឹងបង្កើនទិន្នផលប្រេងជិត៥៥ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃនៅក្នុងខែសីហា។
ក្រុមប្រទេស OPEC+ បាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ចសកលមានស្ថិរភាព មូលដ្ឋានគ្រឹះទីផ្សារប្រេងមានស្ថានភាពល្អ និងការធ្លាក់ចុះស្តុកប្រេង ជាហេតុផលសម្រាប់ការបញ្ចេញប្រេងកាន់តែច្រើនបែបនេះ។ ប៉ុន្តែប្រភពខ្លះបាននិយាយថា ការបង្កើនល្បឿនផលិតកម្មនេះបានធ្វើឡើងបន្ទាប់ពីសមាជិក OPEC+ មួយចំនួនដូចជាប្រទេសកាហ្សាក់ស្ថាន និងអ៊ីរ៉ាក់ជាដើម បានផលិតលើសគោលដៅ ដែលធ្វើឱ្យសមាជិកផ្សេងទៀតដែលប្រកាន់ខ្ជាប់នូវការកាត់បន្ថយទិន្នផលហាក់ខឹងសម្បារចំពោះរឿងនេះ ហើយក៏សម្រេចចិត្តបង្កើនទិន្នផលប្រេងជាបន្តបន្ទាប់តែម្ដងទៅ៕
ដោយ៖ សុខ មង្គល