ការព្រួយបារម្ភអំពីឱនភាពថវិការបស់សហរដ្ឋអាម៉េរិក ភាពតានតឹងពាណិជ្ជកម្ម និងការសង្ស័យលើឯករាជភាពនៃធនាគារកណ្តាលអាម៉េរិក បានជះផលប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារអាម៉េរិក ហើយមានការព្យាករថា ផលប៉ះពាល់នឹងបន្តនៅឆ្នាំ២០២៦ នេះ។ សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះ៩,៤% ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនជឿថា ប្រាក់ដុល្លារអាម៉េរិក អាចងើបឡើងវិញ ព្រោះសេដ្ឋកិច្ចអាម៉េរិកនៅតែរឹងមាំ។
ងាកទៅប្រាក់អឺរ៉ូ និងប្រាក់ផោនរបស់អង់គ្លេស ឯណោះវិញឃើញថា នៅតែរក្សាបានជិតដល់កម្រិតកំណត់ត្រាថ្មីៗនេះរបស់ខ្លួន បន្ទាប់ពីបានហក់ឡើងថ្លៃខ្លាំងកាលពីឆ្នាំមុន ខណៈដែលការជួញដូរមានភាពស្ងប់ស្ងាត់ដោយសារតែថ្ងៃបុណ្យឈប់សម្រាកនៅប្រទេសជប៉ុន និងប្រទេសចិន។ បណ្ដាវិនិយោគិនពេលនេះកំពុងតាមដានទិន្នន័យការងារនៅសហរដ្ឋអាម៉េរិក និងរង់ចាំមើលថា តើប្រធានាធិបតី ដូណាល់ ត្រាំ នឹងតែងតាំងអ្នកណាជាប្រធានធនាគារកណ្តាលអាម៉េរិកបន្ទាប់ ព្រោះវាអាចជះឥទ្ធិពលលើការបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៦។
ទន្ទឹមនេះ ប្រាក់យ៉េនរបស់ជប៉ុន នៅតែធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ខែមកនេះ ទោះបីជាធនាគារកណ្តាលជប៉ុន បានដំឡើងអត្រាការប្រាក់យ៉ាងណាក្ដី។ ទន្ទឹមនឹងនេះ ដុល្លារអូស្ត្រាលី និងដុល្លារនូវែលសេឡង់ បានហក់ឡើងថ្លៃនៅដើមឆ្នាំ២០២៦ បន្ទាប់ពីហក់ឡើងថ្លៃនៅក្នុងឆ្នាំ២០២៥៕
ដោយ: តែម សុខុម