បើគ្មានការប្រែប្រួលទេ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតសកលជ្រើសរើសមេដឹកនាំថ្មីជំនួសរដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្ននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយមកទល់ពេលនេះបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សធំៗ និងលេចធ្លោចំនួន៣ រួមមានគណបក្សភូមិចៃថៃ គណបក្សភឿថៃ និងគណបក្សប្រជាជនថៃ ត្រូវបានបង្ហាញមុខអស់ហើយ។ ទោះយ៉ាងណា មជ្ឈដ្ឋានទូទៅសង្ឃឹមថា ពលរដ្ឋថៃនឹងមានការពិចារណាល្អិតល្អន់ និងមិនជ្រើសរើសមេដឹកនាំ ដែលដឹកនាំប្រទេសថៃ ឱ្យវង្វេងសាសនា និងស្រវឹងសង្រ្គាម ដូចដែលបានកើតឡើងនាពេលបច្ចុប្បន្ន។
សក្ខីកម្មដ៏ប្រចក្សកំពុងត្រូវបានបង្ហាញនៅលើទំព័រសារព័ត៌មានធំៗ ជាបន្តបន្ទាប់ទូទាំងពិភពលោក។ នៅពេលនេះសហរដ្ឋអាម៉េរិក អាស៊ាន ហើយថ្មីៗនេះឥណ្ឌា សុទ្ធតែបានដឹងច្បាស់នូវអ្វីដែលថៃបាននិងកំពុងបង្កឡើងដោយគ្មានញញើតនឹងច្បាប់អន្តរជាតិ។
ឥណ្ឌា ដែលត្រូវបានគេដឹងថា ជាប្រភពដើមនៃអរិយធម៌នៅអាស៊ីអាគ្នេយ៍បានរិះគន់ជាចំហរលើសកម្មភាព ឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ជាពិសេសក្រោយយោធាវង្វេងសាសនាថៃ បានកម្ទេចរូបសំណាកព្រះវិស្ណុ ដែលជាតំណាងសាសនា ហិណ្ឌូ ទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម។ ក្រសួងការបរទេសឥណ្ឌា បានចាត់ទុកសកម្មភាពដ៏សាហាវយង់ឃ្នងរបស់យោធាថៃ កំពុងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោក ជាពិសេសអ្នកកាន់សាសនាហិណ្ឌូ។
មកដល់ពេលនេះដោយសារប្រវត្តិសាស្រ្ត និងការបណ្តុះស្មារតីជាតិនិយមជ្រុល បានធ្វើឱ្យពលរដ្ឋថៃ កំពុងងប់ងុលជាមួយជំងឺតួឯក ហើយមើលស្រាលប្រជាជាតិនានានៅជុំវិញ ដែលទន់ខ្សោយជាងខ្លួនដូចជា កម្ពុជា ជាដើម រហូតប្រកាសសង្រ្គាមបើកការវាយប្រហារទ្រង់ទ្រាយធំឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា ដែលមកដល់ពេលនេះ សហគមន៍អន្តរជាតិ បានមើលឃើញនូវការពិតជាបន្ដបន្ទាប់ ទោះបីថៃ ព្យាយាមបិទបាំង និងលាងជម្រះខ្លួនយ៉ាងណាក៏ដោយ។
ការឈ្លានពានរបស់យោធាថៃ ក្រោមទស្សនៈជាតិនិយមជ្រុល ដើម្បីទាញប្រជាប្រិយភាពនៅមុនការបោះឆ្នោត ដោយមិនខ្វល់នឹងអាយុជីវិតពលទាហាន ប្រជាពលរដ្ឋស៊ីវិល ទាំងសងខាងនេះ គឺពិតមានគ្រោះថ្នាក់ខ្លាំងណាស់ទាំងសម្រាប់អនាគតរបស់ប្រទេសថៃ និងតំបន់ទាំងមូល។ តែសូមកុំភ្លេចថា ដើរកាត់ភ្លៀងប្រាកដណាស់នឹងទទឹកភ្លៀង ហើយទោះបីជាមានអាវភ្លៀងក៏ដោយក៏គង់តែសើមដែរ។ សង្រ្គាមគ្មានភ្នែកនោះទេ តែបើកកើតឡើងលទ្ធផលមានតែចាញ់ និងចាញ់។
សរុបមកយើងសង្ឃឹមថា ពលរដ្ឋថៃនឹងយល់ច្បាស់ពីឬសគល នៃសង្រ្គាមជាង២០ថ្ងៃកន្លងមកនេះ ហើយនឹងប្រែក្លាយគ្រោះមហន្តរាយ និងទុក្ខវេទនា ក៏ដូចជាសេចក្តីឈឺចាប់របស់ប្រជាពលរដ្ឋទាំងសងខាង ដើម្បីជ្រើសរើសមេដឹកនាំដែលត្រឹមត្រូវ។ ហើយយើងក៏សង្ឃឹមដែរថា ពលរដ្ឋថៃ នឹងយល់ពីគ្រោះថ្នាក់នៃនយោបាយជាតិនិយមជ្រុល ហើយប្រញាប់រកថ្នាំព្យាបាលជំងឺតួឯក និងបន្សាបពាក្យស្រវឹងសង្រ្គាមឲ្យបានឆាប់ ដើម្បីឲ្យប្រជាពលរដ្ឋស្លូតត្រង់ទាំងសងខាងអាចវិលទៅលំនៅឋាន កសាងប្រក្រតីភាពនៃសង្គម និងជីវិតគ្រួសារឡើងវិញ៕
ដោយៈ ខេមបូណូមីស