អ្វីដែលគួរឱ្យបារម្ភនោះ គឺរហូតមកទល់ពេលនេះ ភាគីទាំងពីរនៅមិនទាន់រកឃើញចំណុចរួមណាមួយឡើយ ដែលធ្វើឱ្យកិច្ចប្រជុំនេះហាក់ដូចជាការដើរចូលក្នុងតំបន់គ្រោះថ្នាក់។
តាមទិន្នន័យពីមន្ត្រីអាម៉េរិក និងអ៊ីរ៉ង់បានឱ្យដឹងថា លោក ស្ទីវ វីតខូហ្វ (Steve Witkoff) បេសកជនពិសេសរបស់សហរដ្ឋអាម៉េរិក និងលោក ចារេដ គូស្នើរ (Jared Kushner) កូនប្រសារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូអ៊ីរ់ង់១ក្រុម ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបបាស អារ៉ាកជី (Abbas Araghchi)។
កិច្ចពិភាក្សានៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ នេះ នឹងក្លាយជាកិច្ចប្រជុំផ្លូវការលើកដំបូងរវាងក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោនចាប់តាំងពីភាពតានតឹងបានផ្ទុះឡើងកាលពីខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលសង្គ្រាមរយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែល បាននាំឱ្យមានការវាយប្រហារខាងអាកាសរបស់សហរដ្ឋអាម៉េរិក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់រោងចក្រនុយក្លេអ៊ែរសំខាន់ៗចំនួន៣កន្លែងរបស់អ៊ីរ៉ង់ ដែលជាហេតុធ្វើឱ្យកិច្ចចរចានៅថ្ងៃសុក្រនេះ ក្លាយជាការប្រឈមមុខដាក់គ្នាដ៏តានតឹងបំផុតក្នុងប្រវត្តិសាស្ត្រថ្មី៕