
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាឱ្យអាជ្ញាធរថៃ បើកការស៊ើបអង្កេតលើការនាំចេញមាសយ៉ាងសម្បើមមកកាន់កម្ពុជា ហើយថា រដ្ឋាភិបាលរបស់លោក កំពុងព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីធានាតម្លាភាពពេញលេញ ហើយលោកក៏ស្នើសុំពលរដ្ឋថៃ គ្រប់គ្នាកុំឱ្យមានការព្រួយបារម្ភ។
នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ធនាគារកណ្ដាលថៃ បានជួបជាមួយតំណាងមកពីសមាគមពាណិជ្ជករមាស និងក្រុមហ៊ុនផលិតមាសកាលពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីពិភាក្សាអំពីស្ថានភាពនេះ និងបានលើកសំណើមួយចំនួន រួមទាំងសំណើឱ្យបង្កើនការទូទាត់ប្រតិបត្តិការទិញលក់មាសជាប្រាក់ដុល្លារអាម៉េរិកផងដែរ ដើម្បីបន្ធូរបន្ថយសម្ពាធលើលុយបាត។ ទន្ទឹមនេះ ធនាគារកណ្ដាលថៃ ក៏បានជំរុញឱ្យមានការឃ្លាំមើលកាន់តែស្អិតផងដែរលើប្រតិបត្តិការទិញមាសដែលពឹងផ្អែកលើលុយបាត។
ទិន្នន័យបង្ហាញថា ការនាំចេញមាសរបស់ប្រទេសថៃ មកកាន់កម្ពុជា បានកើនឡើងរហូតដល់ទៅ២០% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ឈានរហូតដល់ទៅជាង២,២ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងតម្លៃ៣៧៩លានដុល្លារអាម៉េរិក នៅពេញមួយឆ្នាំ២០២៣ និងជាង៣,៣ពាន់លានដុល្លារអាម៉េរិកពេញមួយឆ្នាំ២០២៤។ ទិន្នន័យដដែលបានបង្ហាញទៀតថា ពេលនេះមាសបានក្លាយជាទំនិញនាំចេញធំបំផុតទី៣របស់ប្រទេសថៃ មកកាន់កម្ពុជា។
បណ្ដាថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្មថៃ បានសម្ដែងការព្រួយបារម្ភចំពោះស្ថានការណ៍នេះ ខណៈដែលក្រុមអ្នកវិភាគបានលើកឡើងថា កំណើននាំចេញមាសមកកាន់កម្ពុជា បានរួមចំណែកធ្វើឱ្យលុយបាតហក់ឡើងថ្លៃរហូតដល់ទៅជិត៨០% នៅឆ្នាំ២០២៥ នេះ ដែលធ្វើឱ្យលុយបាតក្លាយជារូបិយប័ណ្ណដែលឡើងថ្លៃខ្លាំងបំផុតទី២ប្រចាំអាស៊ី បន្ទាប់ពីប្រាក់ដុល្លារតៃវ៉ាន់៕
ដោយ: តែម សុខុម