
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា កត់សម្គាល់ឃើញថា ទោះបីកម្ពុជា រងសម្ពាធពន្ធគយចំនួន១៩% ពីអាម៉េរិក តែការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអាម៉េរិក នៅតែមានកំណើនល្អប្រសើរ ដែលធ្វើឱ្យលោកជឿជាក់ថា ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅចុងឆ្នាំ២០២៥ នេះ និងឆ្នាំ២០២៦ នឹងមានកំណើនខ្ពស់មិនចាញ់បណ្តាប្រទេសដៃគូប្រកួតប្រជែងរបស់កម្ពុជា នោះទេ។ អ្នកជំនាញជឿជាក់ថា ការបញ្ជាទិញ និងការវិនិយោគក្នុងវិស័យកាត់ដេរនឹងមានការកើនឡើងបន្ថែមទៀត ដ្បិតថា វិនិយោគិននៅតែមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ស្របពេលដែលកម្ពុជា មានកម្លាំងពលកម្មពេញលេញក្រោយពលករខ្មែររាប់ម៉ឺននាក់បានត្រឡប់មកពីប្រទេសថៃវិញ។
មិនខុសគ្នានោះទេ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ នៅតែរក្សាបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ទោះបីកម្ពុជា ស្ថិតក្រោមគំនាបពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក យ៉ាងណាក្តី។ អ្នកជំនាញរូបនេះជឿជាក់ថា ការនាំចេញ និងការបញ្ជាទិញផលិតផលកាត់ដេរកម្ពុជានឹងនៅតែមានកំណើនខ្ពស់នៅចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទោះបីកម្ពុជា រងសម្ពាធពន្ធបដិការពីរសហរដ្ឋអាម៉េរិកក្តី តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងការបញ្ជាទិញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នោះទេ តែផ្ទុយទៅវិញអត្រាពន្ធក្នុងកម្រិត១៩% នេះ គឺជាអត្រាមួយល្អសម្រាប់កម្ពុជា ក្នុងការប្រកួតប្រជែងជាមួយប្រទេសដៃគូនានាលើការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា។
គួរបញ្ជាក់ថា ការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៥ ជាក់ស្តែងការនាំចេញសម្លៀកបំពាក់សម្រេចបានជាង៥ពាន់២រយលានដុល្លារកើនឡើងជាង២២% រីឯផលិតផលវាយនភណ្ឌសម្រេចបានជាង៣០០លានដុល្លារកើនឡើងជាង២៦% ខណៈស្បែកជើងសម្រេចបានជាង១ពាន់លានដុល្លារកើនឡើង៣៣% និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបសម្រេចបានជាង១ពាន់លានដុល្លារកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕