
ក្នុងឱកាសចូលរួមជាអធិបតី នៃវេទិកានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានស្នើឱ្យសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បន្តបេសកកម្មរបស់ខ្លួនក្នុងការជំរុញ លើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជាទៅកាន់បណ្តាវិនិយោគិនបរទេសឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានចាត់ទុក «វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ» ដែលបានរៀបចំឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ គឺជាការសបញ្ជាក់ឱ្យឃើញថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករដ៏សំខាន់ ដែលរួមចំណែកដល់ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ ហើយព្រឹត្តិការណ៍នេះគឺជាការបង្កើតឱកាសក្នុងការជួបជុំ ផ្គូរផ្គង ជំរុញការកសាងបណ្តាញទំនាក់ទំនង និងផ្តល់កាលានុវត្តភាព សម្រាប់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគនៅកម្ពុជាថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងភាពជាដៃគូ យុទ្ធសាស្រ្ត ការចែករំលែកចំណេះដឹងនិងបទពិសោធ និងការគិតគូរដោះស្រាយបញ្ហាប្រឈមនានារួមគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន ណែនាំឱ្យសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល ក្នុងការបន្ដជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាញយកឱកាស និងផលប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ ដូចជា RCEP, កិច្ចព្រមពៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) និង អារ៉ាប់អេមីរ៉ាត់ ជាពិសេសការធ្វើពិពិធកម្មទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ីបូព៌ា, និងតំបន់ផ្សេងទៀត ក្រៅពីអាម៉េរិក និងអ៊ឺរ៉ុប។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈវេទិកាជំរុញការវិនិយោគកម្ពុជា-អន្ដរជាតិនេះ គឺនឹងផ្តល់ឱកាសដល់វិនិយោគិនទាំងអស់ ពិសេសវិនិយោគិនបរទេសអាចចាប់យកឱកាសស្វែងយល់ពីសក្កានុពលវិនិយោគនៅកម្ពុជាបានកាន់តែទូលំទូលាយ ហើយក៏ជាឱកាសសម្រាប់បណ្តាវិនិយោគិនទាំងអស់អាចពង្រីកបណ្តាញទំនាក់ទំនងវិនិយោគរបស់ខ្លួនបន្ថែមកាន់តែងាយស្រួល ដែលនឹងឈានទៅដល់កិច្ចសហប្រតិបត្តិការថ្មីៗ សម្រាប់ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងភាពជាដៃគូររវាងកម្ពុជា និងអន្តរជាតិឱ្យកាន់តែប្រសើរឡើង។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត រាជរដ្ឋាភិបាល នឹងធ្វើអ្វីទាំងអស់គាំទ្រដល់វិស័យឯកជន ឱ្យក្លាយជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ និងដើម្បីធានាបរិយាកាសអំណោយផលដល់ការរីកលូតលាស់នៃវិស័យឯកជន និងសេដ្ឋកិច្ច។ លើសពីនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបង្កើនល្បឿននៃការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ឱ្យកាន់តែទាក់ទាញឡើង ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីដ៏សមស្របមួយសម្រាប់វឌ្ឍនភាព និងវិបុលភាពនៃធុរកិច្ចនិយាយដោយឡែក និងនៃសេដ្ឋកិច្ចជាតិព្រមទាំងជីវភាពប្រជាជននិយាយជារួម។