
កម្ពុជា រកចំណូលបានជាង១៣២លានដុល្លារពីការនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៩ខែឆ្នាំនេះ មានការកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុននាំចេញចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន បានគូសបញ្ជាក់ថា ការនាំចេញចេកមានការកើនឡើងនេះ ក៏ដោយសារផ្លែចេកស្រស់របស់កម្ពុជា នៅឆ្នាំនេះ ទទួលបានទិន្នផលច្រើនជាងឆ្នាំមុន ក្រោយមានការអំណោយផលពីអាកាសធាតុ គួបផ្សំផ្ទៃដីដាំដុះមានការកើនឡើង។
បើតាមអ្នកជំនាញរូបនេះ ទោះបីការនាំចេញមានការកើនឡើងក៏ពិតមែន ប៉ុន្តែតម្លៃផ្លែចេកស្រស់របស់កម្ពុជា បច្ចុប្បន្នមានការធ្លាក់ចុះបន្តិច ក្រោយប្រទេសចិន ដែលជាទីផ្សារស្រូបទាញផ្លែចេកស្រស់របស់កម្ពុជា ប្រមាណ៩៧% បានបង្កើនការដាំដុះដំណាំនេះនៅក្នុងប្រទេសរបស់ខ្លួន។ បច្ចុប្បន្នតម្លៃចេកស្រស់របស់កម្ពុជា ១កេសទម្ងន់១៣,៥គីឡូក្រាមអាចលក់បានក្នុងតម្លៃជាង៩ដុល្លារប៉ុណ្ណោះ ខណៈកាលពីមុនអាចលក់បានជាង១២ដុល្លារក្នុង១កេស។ បើតាមការអះអាងរបស់អ្នកជំនួញកសិកម្មរូបនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃចេក និងកាត់បន្ថយលើការពឹងផ្អែកតែទីផ្សារតែមួយ បច្ចុប្បន្នកម្ពុជា កំពុងសម្លឹងមើលទីផ្សារថ្មីៗបន្ថែម ដើម្បីធ្វើពិពិធកម្មការនាំចេញផ្លែចេកស្រស់របស់កម្ពុជា។
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងក្នុងរយៈពេល៩ខែកន្លងមកនេះ ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំនាំចេញជាង២៥ម៉ឺនតោន កើនឡើងជាង៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕