
មហាសន្និបាតថ្នាក់ជាតិរបស់ BIN Cambodia នៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួបរួមគ្នា ដើម្បីអនាគតដ៏រុងរឿង (United for a Thriving Future)» និងជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលមេដឹកនាំអាជីវកម្មបានជួបជុំគ្នា ដើម្បីកសាងទំនាក់ទំនងល្អ ការចែករំលែកគំនិតអាជីវកម្ម និងការរីកចម្រើន រវាងគ្នាទៅវិញទៅមក ក្នុងស្មារតីរួមគ្នាកសាងសហគមន៍អាជីវកម្មដ៏រឹងមាំ។
លោក ឡុក ស្មីតសាមឌី ប្រធាន BNI Cambodia បានលើកឡើងថា មហាសន្និបាតថ្នាក់ជាតិរបស់ BNI Cambodia នៅឆ្នាំនេះ បានរៀបចំឡើង ដើម្បីវាយតម្លៃអំពីសមិទ្ធផល ដែលសម្រេចបាននៅក្នុងឆ្នាំកន្លងមក និងផ្ដល់ឱកាសឱ្យសមាជិក BNI ទាំងអស់បានជួបជុំ ផ្លាស់ប្ដូរមតិយោបល់គ្នា និងទទួលបាននូវការបណ្ដុះបណ្ដាលទាក់ទងនឹងគ្រប់គ្រងអាជីវកម្ម ពីវាគ្មិន និងគ្រូបង្វឹកធុរកិច្ចល្បីៗផងដែរ។

លោក ស្មីតសាមឌី បានគូសបញ្ជាក់ទៀតថា បណ្ដាញធុរកិច្ច BNI Cambodia បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការលូតលាស់នៃវិស័យសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា។ ជាក់ស្ដែង កាលពីឆ្នាំ ២០២៤កន្លងទៅនេះ ការបោះឱកាសអាជីវកម្មរវាងសមាជិករបស់ BNI Cambodia ទាំងអស់ បានបង្កើតជាប្រាក់ចំណូលសរុបប្រមាណ ១០០លានដុល្លារ ហើយបើគិតតាំងពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ន ប្រាក់ចំណូលនេះ មានដល់ទៅប្រមាណជាង ៥០០លានដុល្លារ។ យ៉ាងណាមិញ នៅឆ្នាំ២០២៥នេះ BNI Cambodia រំពឹងប្រាក់ចំណូលអាជីវកម្ម ដែលបានមកកិច្ចសហការគ្នារវាងសមាជិករបស់ខ្លួន នឹងកើនដល់ប្រមាណ ១៧០លានដុល្លារអាម៉េរិក។
លោក ស្មីតសាមឌី ជឿជាក់ថា ការរីកចម្រើននៃប្រាក់ចំណូលអាជីវកម្មរបស់សមាជិក BNI Cambodia បាននិងកំពុងចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក។

បច្ចុប្បន្ន BNI Cambodia មានសមាជិកជាម្ចាស់អាជីវកម្មសរុបជាង ១០០០នាក់ បាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការប្រតិបត្តិអាជីវកម្មពហុវិស័យ រួមទាំងជំរុញនូវការផលិតក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។ សកម្មភាពរបស់ BNI Cambodia គឺរួបរួមគ្នានៅក្នុងបណ្ដាញទំនាក់ទំនងមួយ ដែលជួយហុចឱកាសអាជីវកម្មឱ្យគ្នាទៅវិញទៅមក ការផ្លាស់ប្ដូរគំនិតយោបល់ ដើម្បីជំរុញការរីកចម្រើនរួមគ្នា។

លោក សុខ សំអាត នាយកទីផ្សារ និងម៉ាកសញ្ញាថ្នាក់ជាតិនៃ BNI Cambodia បានលើកឡើងថា ម្ចាស់អាជីវកម្ម ដែលចូលរួមជាមួយនឹងបណ្ដាញធុរកិច្ច BNI នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗចំនួនបី រួមមាន៖
១, ជាបង្អែកទីផ្សារ (Referral Marketing)៖ ម្ចាស់អាជីវកម្មនឹងទទួលបានការណែនាំឱកាសអាជីវកម្មល្អៗថ្មីៗ ពីសមាជិកនានា ដើម្បីជួយឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើន។
២, ទទួលបានទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត៖ នៅ BNI សមាជិកទាំងអស់តែងប្រកាន់ខ្ជាប់នូវបេសកកម្មរួមគ្នា Givers Gain® ដែលជាអ្នកផ្ដល់ឱ្យគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ BNI មានបណ្ដាញទំនាក់ទំនងនៅទូទាំងពិភពលោក ដែលផ្ដល់នូវឱកាសទំនាក់ទំនងមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។
៣, ទទួលបានការរីកចម្រើនទាំងខ្លួនឯង និងអាជីវកម្ម៖ BNI តែងតែផ្ដល់នូវការបណ្ដុះបណ្ដាលទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយ វាគ្មិនល្បី និងមេដឹកនាំអាជីវកម្មធំៗជាច្រើន ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម, ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រទីផ្សារជាដើម។

តាមផែនការ នៅរយៈពេល ៣ឆ្នាំខាងមុខនេះ BNI Cambodia រំពឹងថា នឹងទទួលបានសមាជិកចូលរួមប្រមាណជាង ៣,០០០នាក់ ដែលអាចនឹងបង្កើតឱកាសការងារសរុបប្រមាណជាង ៥ម៉ឺនកន្លែង។
សូមបញ្ជាក់ថា BNI គឺជាបណ្ដាញទំនាក់ទំនងពាណិជ្ជកម្មដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងអស់រយៈពេលប្រមាណ ៤០ឆ្នាំមកហើយ។ បច្ចុប្បន្ន BNI មានសមាជិកដែលជាម្ចាស់អាជីវកម្មរាប់សែននាក់ នៅ៧៦ប្រទេស នៅទូទាំងពិភពលោក៕













