
ការបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសនេះ ធ្វើឡើងក្រោយមានការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ភាគច្រើនជាជនជាតិឥណ្ឌា នៅតំបន់កាស្មៀរកាលពីពេលថ្មីៗ ដែលឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាអ្នកនៅពីក្រោយខ្នងនៃរឿងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
Story: សង្គ្រាមចាស់នៅតំបន់អាស៊ីបានផ្ទុះឡើងជាថ្មី ក្រោយកងកម្លាំងយោធារបស់ឥណ្ឌានៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសចូលយ៉ាងជ្រៅទៅក្នុងប្រទេសប៉ាគីស្ថាន ដែលធ្វើអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត និងបានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស។ ឆ្លើយតបនឹងការវាយប្រហារនេះកងកម្លាំងយោធារបស់ប៉ាគីស្ថាន ក៏បានបើកការវាយបកសងសឹកវិញភ្លាមៗផងដែរ ដោយកងកម្លាំងប៉ាគីស្ថានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចំបាំងឥណ្ឌាចំនួន៥គ្រឿង។
បើតាមការអះអាងរបស់កងកម្លាំងយោធាឥណ្ឌា ការវាយប្រហារដោយមីស៊ីលរបស់ខ្លួននៅព្រឹកថ្ងៃទី៧ ខែឧសភា បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធភេរវករនៅខេត្តពុនចាប ក្នុងតំបន់កាស្មៀ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ហើយមានប្រជាជនប៉ាគីស្ថានរស់នៅជាច្រើន។ ដោយឡែកប្រទេសប៉ាគីស្ថានបានច្រានចោលចំពោះការអះអាងនេះ ហើយបានរៀបរាប់ថា ការវាយប្រហារនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ និងរបួសលើសពី៣៥នាក់ ក្រោយឥណ្ឌបើកការវាយប្រហារលើ៦ទីតាំងក្នុងប្រទេសរបស់ខ្លួន។
ជាមួយគ្នានេះ ប្រទេសប៉ាគីស្ថានបានអះអាងថា នៅក្នុងហេតុការណ៍ប៉ះទង្គិចប្រដាប់អាវុធនេះ ខ្លួនបានបាញ់ទម្លាក់យន្តហោះចំបាំងរបស់កងទ័ពអាកាសឥណ្ឌាចំនួន៥គ្រឿង ដោយរួមទាំងយន្តហោះ Rafale ចំនួន៣គ្រឿង យន្តហោះចម្បាំង MiG-29 ១គ្រឿង និងយន្តហោះចម្បាំង SU-30 មួយគ្រឿង រួមទាំងយន្តហោះគ្មានមនុស្សបើកមួយគ្រឿងផងដែរ។ តែយ៉ាងណាពាក់ព័ន្ធនឹងការអះអាងនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ឱ្យច្បាស់លាស់នៅឡើយទេ ហើយភាគីឥណ្ឌា ក៏មិនទាន់បានឆ្លើយតបនោះដែរ។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបើកប្រតិបត្តិការយោធារបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវាយប្រហារសម្លាប់មនុស្សចំនួន ២៦នាក់ដែលភាគច្រើនជាជនជាតិឥណ្ឌាកាលពីខែមុន ដោយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាអ្នកប្រព្រឹត្ត។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេបាហ្ស សារីហ្វ (Shehbaz Sharif) បាននិយាយថា ប្រទេសរបស់លោកមានសិទ្ធិឆ្លើយតបទៅនឹងសកម្មភាពបង្កសង្គ្រាម។ មកដល់ពេលនេះប្រទេសប៉ាគីស្ថានបានប្រកាសផ្អាកធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា និងបណ្ដេញអ្នកការទូតឥណ្ឌាចេញពីប្រទេស ហើយក៏បានបើកការវាយប្រហារដោយកាំភ្លើងធំមកកាន់តំបន់កាស្មៀរ ដែលកាន់កាប់ដោយឥណ្ឌាវិញផងដែរ។តំបន់កាស្មៀរ ជាតំបន់ប្រទាញប្រទង់គ្នារវាងឥណ្ឌា និង ប៉ាគីស្ថាន ដែលបានគ្រប់គ្រងកាន់កាប់មួយផ្នែកម្នាក់នៃតំបន់នោះ។
ពាក់ព័ន្ធនឹងការផ្ទុះសង្រ្គាមនៅលើដំបៅចាស់សារជាថ្មីនេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអះអាងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្ទុះការវាយប្រហាររវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរនៅតំបន់អាស៊ីខាងត្បូងទាំងពីរនេះ។ គួរបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថានបានផ្ទុះសង្រ្គាមនឹងគ្នាជាច្រើនដងរួចមកហើយ ពាក់ព័ន្ធនឹងជម្លោះនៅតំបន់កាស្មៀ ក្រោយប្រទេសទាំងពីរទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៤៧៕
ដោយៈ សរ សុជាតិ