អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៍ប្រ៊ីជគ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានប្រកាសចូលរួមឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និង ជនភៀសសឹក ដែលកំពុងជួបការលំបាក ដោយសារតែការវាយប្រហារឈ្លានពានដោយយោធាថៃ។
ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញពីការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លុងមួយ នៃខឿនការពារជាតិរបស់កម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ ប្រជាពលរដ្ឋកម្ពុជា ដែលជាជនភៀសសឹក បានកើនដល់ប្រមាណជិត ២០ម៉ឺននាក់ហើយ ដែលបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីគេចចេញពីការវាយប្រហារដ៏សាហាវយង់ឃ្នងរបស់កងទ័ពថៃ។