នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធថា សន្តិភាព និងវិបុលភាពដែលអាស៊ានមានរយៈពេលជិត៦ទសវត្សរ៍មកនេះមិនមែនកើតឡើងដោយសារការទ្រទ្រង់របស់អាស៊ានម្នាក់ឯងនោះទេ ពោលគឺវាកើតតាមរយៈកិច្ចសហប្រតិបត្តិការ និងការពង្រឹងគោលបំណងរួម។ ដូច្នេះហើយបានជាពេលនេះអាស៊ានកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន។
ក្រុមអ្នកវិភាគបានចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំនេះ ជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានអ្នកចូលរួមល្បីៗ ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលកំពុងបន្តកើតមានជាពិសេសរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន។
ក្រៅពីការចូលរួមពីមេដឹកនាំអាស៊ីអាគ្នេយ៍ កិច្ចប្រជុំកំពូលអាស៊ាន ក៏មានការចូលរួមពីមេដឹកនាំនៃប្រទេសធំៗជាច្រើនទៀតដូចជាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីចិនលោក លី ឈៀង (Li Qiang) នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) និងប្រធានាធិបតីប្រេស៊ីលលោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) ផងដែរ។
លោក អាន់វ៉ា បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដែលមានជជែកវែកញែកដ៏តានតឹងមួយសម្រាប់អាស៊ាន ដោយសារស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនៅលើពិភពលោកបច្ចុប្បន្នស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះសណ្តាប់ធ្នាប់ចាស់លែងប្រាកដប្រជាទៀតហើយ ខណៈសណ្តាប់ធ្នាប់ថ្មីមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
លោក អាន់វ៉ា បានបន្ថែមថា នៅទូទាំងតំបន់នានា អាស៊ានឃើញការកើនឡើងនូវការប្រកួតប្រជែង និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។ ឧបសគ្គទាំងនេះមិនត្រឹមតែសាកល្បងសេដ្ឋកិច្ចរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសាកល្បងនូវការតាំងចិត្តរួមរបស់ប្លុកនេះក្នុងការរក្សាជំនឿលើកិច្ចសហប្រតិបត្តិការ ដើម្បីជឿថា ការយោគយល់គ្នា និងការសន្ទនាគ្នានៅតែអាចទទួលបានជោគជ័យនៅក្នុងយុគសម័យដែលមានការបែកបាក់គ្នានេះ៕
ដោយ៖ សុខ មង្គល