
ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការម្រេចម្នាក់នៅខេត្តកំពត កត់សម្គាល់ឃើញថា ដំណាំម្រេចនាពេលបច្ចុប្បន្នពុំសូវមានអ្នកដាំដុះថ្មីបន្ថែមនោះទេ ដោយសារការប្រែប្រួលអាកាសធាតុ និងទីផ្សារជាបញ្ហាប្រឈមរបស់កសិករ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នម្រេចសរីរាង្គកំពុងមានតម្រូវការច្រើនពីទីផ្សារ ខណៈម្រេចធម្មតា ក៏មានតម្លៃប្រសើរជាងមុនផងដែរ។
ដោយឡែក លោក រស់ សេងបាន ម្ចាស់ចម្ការម្រេចម្នាក់នៅខេត្តកំពង់ធំ បានឱ្យដឹងថា មកទល់ពេលនេះ ម្រេចសរីរាង្គអាចលក់បានចន្លោះពី២ម៉ឺន៣ពាន់រៀលដល់២ម៉ឺន៨ពាន់រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំ២០២៤ អាចលក់បានតម្លៃ៣ម៉ឺន២ពាន់រៀលក្នុង១គីឡូក្រាម។ តម្លៃនេះត្រូវបានម្ចាស់ចម្ការរូបនេះអះអាងថា នៅមានតម្លៃទាបបើធៀបទៅនឹងការចំណាយលើការថែទាំ។
ជាមួយគ្នានេះ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះ ពុំសូវមានអ្នកពង្រីកផ្ទៃដីដាំដុះម្រេចថ្មីបន្ថែមនោះទេ តែមានម្ចាស់ចម្ការនានាកំពុងពង្រឹងលើការថែទាំដំណាំដែលមានស្រាប់។ ជាមួយគ្នានេះ លោក បានបញ្ជាក់ថា មកទល់ពេលនេះ ម្រេចធម្មតាត្រូវបានឈ្មួញទិញក្នុងតម្លៃចន្លោះពី២ម៉ឺន៣ពាន់រៀលដល់២ម៉ឺន៤ពាន់រៀលក្នុង១គីឡូក្រាម។ តម្លៃនេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា អាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញខ្លះ ប្រសិនបើពួកគេចំណាយលើថ្លៃដើមផលិតទាប។
បើតាមប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ការប្រមូលផលម្រេចធម្មតានៅក្នុងឆ្នាំ២០២៥ នេះទទួលបានទិន្នផលចន្លោះពី១ម៉ឺន២ពាន់តោនដល់១ម៉ឺន៥ពាន់តោន មានការកើនឡើងប្រមាណ៣០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ៕
អត្ថបទ៖ បូ ដូឡា