គណបក្សភឿថៃ

គណបក្សភឿថៃ ព្យាយាមរក្សាដង្ហើមនយោបាយរបស់ត្រកូលស៊ីណាវ៉ាត្រា ក្នុងវិថីដ៏រដិបរដុប


ក្រោយលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានដកចេញពីអំណាច ហើយឪពុករបស់លោកស្រីត្រូវវិលត្រឡប់ទៅអនុវត្តទោសក្នុងពន្ធនាគារវិញកាលពីចុងឆ្នាំមុន មនុស្សជាច្រើនបានចោទសួរថា តើនេះជាទីបញ្ចប់ នៃឥទ្ធិពលនយោបាយរបស់គ្រួសារស៊ីណាវ៉ាត្រា ឫយ៉ាងណា? តែយ៉ាងណាឥទ្ធិពលនយោបាយរបស់ត្រកូលនេះមិនទាន់រលត់នោះទេ គ្រាន់តែវិថីឆ្ពោះទៅរកភាពជោគជ័យរបស់គណបក្សភឿថៃ ពោរពេញទៅដោយឧបសគ្គ និងភាពមិនច្បាស់លាស់ជាច្រើន។
គណបក្សភឿថៃ
ដោយ

សារព័ត៌មាន Khaosod English របស់ថៃ បានរាយការណ៍ថា សម្រាប់ការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សភឿថៃ បានសម្រេចជ្រើសតាំងលោក យ៉តឆាណាន វង្សសាវ៉ាត ក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាសាស្ត្រាចារ្យផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យម៉ាហ៊ីដុល ដ៏មានកិត្យានុភាពឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី។ លោកជាសមាជិកម្នាក់របស់ត្រកូល ស៊ីណាវ៉ាត្រា ដោយលោកជាកូនប្រុសរបស់ប្អូនស្រី លោក ថាក់ស៊ីន គឺលោកស្រី យ៉ៅវ៉ាផា ស៊ីណាវ៉ាត្រា ជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ស៊ុមឆៃ វង្សសាវ៉ាត។

លោក យ៉តឆាណាន មិនត្រឹមតែមាន DNA ថាក់ស៊ីន ប៉ុណ្ណោះទេ ប៉ុន្តែលោកត្រូវបានគេចាត់ទុកថា ជាបញ្ញវន្តលំដាប់ខ្ពស់មួយរូប។ លោកគឺជាសាស្ត្រាចារ្យផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រ និងជាអតីតនាយកវិទ្យាស្ថានគ្រប់គ្រងបច្ចេកវិទ្យា និងនវានុវត្តន៍ នៃសាកលវិទ្យាល័យម៉ាហ៊ីដុល។ ជាមួយនឹងសញ្ញាបត្របណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងកុំព្យូទ័រពីសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស លោកតំណាងឱ្យអ្នកដឹកនាំបែបទំនើប ដែលយល់ច្បាស់ពីសេដ្ឋកិច្ចឌីជីថល។

ការជ្រើសរើសរូបលោកឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បានធ្វើឱ្យប្រជាប្រិយភាពរបស់បក្សដែលធ្លាប់តែស្រអាប់ចាប់ផ្តើមមានពន្លឺឡើងវិញ។ ជាក់ស្តែងការស្ទង់មតិកន្លងមកបានបង្ហាញថា គណបក្សភឿថៃ នៅតែជាគណបក្សកំពូលទំាង៣នៅក្នុងប្រទេសថៃ។ ក្រុមអ្នកគាំទ្រជឿជាក់ថា លោកនឹងក្លាយជាស្ពានតភ្ជាប់រវាងមនោសញ្ចេតនារបស់អ្នកក្រីក្រ ដែលនៅតែនឹករលឹកលោក ថាក់ស៊ីន ជាមួយនឹងក្រុមបញ្ញវន្តនៅទីក្រុង ដែលចង់បានអ្នកដឹកនាំមានសមត្ថភាពពិតប្រាកដ។ បុគ្គលិកលក្ខណៈសុភាពរាបសារ ម៉ឺងម៉ាត់ និងបែបវិទ្យាសាស្ត្ររបស់លោក គឺជាយុទ្ធសាស្ត្រថ្មីដើម្បីលុបលាងរូបភាពនយោបាយគ្រួសារនិយមបែបចាស់​។ តែយ៉ាងណា ឆាកនយោបាយនៅថៃ មិនមែនពឹងផ្អែកតែលើចំណេះដឹង និងសាវតារគ្រួសារនោះឡើយ។

អ្នកវិភាគបានលើកឡើងថា ភាពជោគជ័យរបស់គណបក្សភឿមិនមែនពឹងផ្អែកតែលើលោក យ៉តឆាណាន តែម្នាក់ឯងនោះទេ តែវាអាស្រ័យលើសមត្ថភាពក្នុងការជម្រុះភាពរដិបរដុបនៃផ្លូវចាស់ ដើម្បីឈានទៅរកទំនុកចិត្តថ្មីក្នុងសមរភូមិបោះឆ្នោតដ៏ស្រួចស្រាវខាងមុខនេះ។ គណបក្សនេះត្រូវជួបប្រឈមនឹងបញ្ហាមិនច្បាស់ជាច្រើន ជាពិសេសប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគណបក្សប្រជាជន ដែលកំពុងឆក់យកបេះដូងយុវជនតាមរយៈគោលនយោបាយកែទម្រង់ស៊ីជម្រៅ និងគណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល ដែលជាខ្លាចាស់ពោរពេញដោយយុទ្ធពិធី និងបទពិសោធនយោបាយដ៏ក្រាស់ក្រែល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រុស្ស៊ីបន្តវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ុយក្រែន ស្របពេលកិច្ចពិភាក្សាស្វែងរកសន្តិភាពបញ្ចប់ដោយគ្មានលទ្ធផល

កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនរយៈពេលពីរថ្ងៃនៅទីក្រុងអាប៊ូដាប៊ី ក្រោមការសម្របសម្រួលពីសហរដ្ឋអាម៉េរិកបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ តែ…

កម្ពុជា ប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានជាង៧១លានដុល្លារនៅឆ្នាំមុន ទោះកាស៊ីណូមួយបានផ្អាកដំណើរការដោយសង្គ្រាមឈ្លានពានរបស់ថៃ

បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩ ការប្រមូលចំណូលពន្ធពីវិស័យល្បែងពាណិជ្ជកម្ម បានបង្ហាញសញ្ញាពីការងើបឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ