សមុទ្រចិនខាងត្បូង

ហ្វីលីពីន រិះគន់ចិនថា បានប្រើពាក្យពេចន៍មានចរិតបង្ខិតបង្ខំ ជុំវិញវិវាទនៅសមុទ្រចិនខាងត្បូង


ភាពរកាំរកូស នៃជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង បានឡើងកម្តៅជាថ្មី ក្រោយស្ថានទូតចិន បានរិះគន់ទីក្រុងម៉ានីសថា ជម្លោះការទូតរវាងប្រទេសទាំងពីរអាចប៉ះពាល់ដល់ទីផ្សារពលកម្មហ្វីលីពីនរាប់លាននាក់។ ប្រតិកម្មនឹងការលើកឡើងនេះ ក្រសួងការបរទេសហ្វីលីពីនបានវាយបកភ្លាមៗ ដោយចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ចិន មានលក្ខណៈបង្ខិតបង្ខំ និងមិនអាចទទួលយកបាន។
សមុទ្រចិនខាងត្បូង
ដោយ

ក្រសួងការបរទេសហ្វីលីពីន បានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល ដែលថា ជម្លោះការទូត ដែលកំពុងអូសបន្លាយរវាងប្រទេសទាំងពីរនឹងធ្វើឱ្យបាត់បង់ការងាររបស់ពលរដ្ឋហ្វីលីពីន រាប់លាននាក់ និងបានចាត់ទុកការធ្វើអត្ថាធិប្បាយនេះថា មានចរិតបង្ខិតបង្ខំ។ ទីក្រុងម៉ានីល បានសង្កត់ធ្ងន់ថា ការអត្ថាធិប្បាយបែបនេះមិនត្រឹមតែជាការប្រើឥទ្ធិពល ដើម្បីសងសឹកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងធ្វើឱ្យខូចខាតដល់កិច្ចសន្ទនាទ្វេភាគី ដែលមានលក្ខណៈស្ថាបនា។

ហ្វីលីពីន បានចាត់ទុកការប្រតិកម្មរបស់ស្ថានទូតចិន ហាក់ចង់បញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអាចត្រូវបានរារាំង ឬប្រើប្រាស់ជាឧបករណ៍សម្រាប់ដាក់សម្ពាធនយោបាយ។ ទន្ទឹម​​​​នឹងនេះ ហ្វីលីពីន បានអំពាវនាវឱ្យអ្នកការទូតចិន រក្សាជំហរដោយការទទួលខុសត្រូវ និងប្រើប្រាស់ពាក្យពេចន៍ដែលមានលក្ខណៈវិជ្ជមានក្នុងន័យរក្សាទំនាក់ទំនងការទូត។ យ៉ាងណាមិញ មកទល់ពេលនេះស្ថានទូតចិន មិនទាន់មានការឆ្លើយតបចំពោះការរិះគន់ត្រឡប់វិញរបស់ហ្វីលីពីន នៅឡើយទេ ដោយសារស្ថិតក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន។

សូមរំលឹកថា ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយសារការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីន បានចោទប្រកាន់ចិន ពីបទធ្វើសកម្មភាពឈ្លានពាន និងសមយុទ្ធដ៏គ្រោះថ្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ខណៈទីក្រុងប៉េកាំង តែងតែវាយបកវិញថា ហ្វីលីពីន គឺជាអ្នកដែលរំលោភបំពានចូលក្នុងដែនទឹក ដែលខ្លួនអះអាងថា ជាកម្មសិទ្ធិផ្តាច់មុខរបស់ចិន៕

ដោយៈ សរ សុជាតិ​




អត្ថបទបន្ទាប់


បញ្ហាសន្លឹកឆ្នោតមានលេខបាកូដ អាចធ្វើឱ្យការបោះឆ្នោតនៅប្រទេសថៃ រងការបរាជ័យ

ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍នយោបាយ នៃព្រឹទ្ធសភាថៃ បានលើកឡើងថា ការបោះឆ្នោតសកលកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ អាចប្រឈមនឹងភាពបរាជ័យ ដោយសារត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ