ផ្លូវហោះហើរថ្មី កម្ពុជា - វៀតណាម

ផ្លូវហោះហើរថ្មីមួយទៀត «ភ្នំពេញ-ដាណាង» នឹងបើកឲ្យដំណើរការនៅចុងខែ មិថុនានេះ


ផ្លូវហោះហើរថ្មី រវាងរាជធានីភ្នំពេញ ទៅកាន់ទីក្រុង ដាណាង ប្រទេសវៀតណាម នឹងត្រូវ បើកដាក់ឲ្យដំណើរការហោះហើរនៅចុងខែមិថុនានេះ បន្ទាប់ពី រដ្ឋាភិបាលប្រទេសទាំងពីរ ទើបតែបានចុះកិច្ចព្រមព្រមព្រៀងបើកជើងហោះហើរថ្មីនេះ ដើម្បីជំរុញដល់កំណើនទេសចរ និងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់ពី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល។
យន្តហោះក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ (រូបភាព៖ https://file.alotrip.com)
ដោយ

 រដ្ឋលេខាធិការរដ្ឋាន​អាកាសចរណ៍ស៊ីវិល និងរដ្ឋបាល​អាកាសចរណ៍​ស៊ីវិល វៀតណាម កាលពីថ្ងៃទី ១២ មិថុនានេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ក្នុងការបើក​ផ្លូវហោះហើរថ្មី រវាង​រាជធានី​ភ្នំពេញ និងទីក្រុង​ដាណាង។ ក្នុងកិច្ច​ព្រមព្រៀងនោះ ក៏បានអនុញ្ញាត​ឲ្យក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ ជួលយន្ដហោះ​ជាកញ្ចប់​សម្រាប់​ប្រតិបត្តិការ​ហោះហើរនេះ ដែល​គេហៅថា Wet Lease។

តាមគេហទំព័រ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បានឲ្យដឹងថា ផ្លូវហោះហើរ ភ្នំពេញ ដាណាងនេះ គឺជាទិដៅទី៣ហើយ​សម្រាប់ផ្លូវ​ហោះហើរ​រវាងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅកាន់ទិដៅ​នៃប្រទេស​វៀតណាម ខណៈដែល ផ្លូវហោះហើរ ២ទៀតនោះ គឺរវាងភ្នំពេញ ហាណូយ និងភ្នំពេញ ហូជីមិញ។

ក្រៅពីនេះ សម្រាប់ផ្លូវហោះហើរ​រវាងអាកាស​យានដ្ឋាន​អន្តរជាតិ ខេត្តសៀមរាប ទៅកាន់ទិស​ដៅប្រទេស​វៀតណាមវិញ ក៏មាន៣ ទិសដៅផងដែរ គឺសៀមរាប ដាណាង ,សៀមរាប ហូជីមិញ និងសៀមរាប ហាណូយ។ រីឯ ការតភ្ជាប់​ផ្លូវហោះហើរ រវាងអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ និងវៀតណាម គឺមានតែ ១ ទិសដៅ​ប៉ុណ្ណោះ គឺខេត្ត​ព្រះសីហនុ ហូជីមិញ។

បើតាមរដ្ឋលេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល បច្ចុប្បន្ន មានក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៤ហើយ បាននិងកំពុង ប្រតិបត្តិការ​ជើងហោះហើរ រវាងប្រទេស​កម្ពុជា និងវៀតណាម ដែលសរុប​ជើងហោះហើរ គឺមាន ១១២ ជើង ក្នុងមួយ​សប្ដាហ៍ (សរុបទាំងបី​អាកាសយានដ្ឋាន​របស់​កម្ពុជា)។ នៅឆ្នាំ ២០១៨ អ្នកធ្វើដំណើរ​តាមផ្លូវអាកាស​រវាង​ប្រទេសកម្ពុជា និងវៀតណាម មាន ជាង ១,៨លាននាក់។ 

របាយការណ៍ ត្រីមាសទី ១ ឆ្នាំនេះ របស់ក្រសួង​ទេសចរណ៍ បង្ហាញថា កម្ពុជាទទួល​បានភ្ញៀវទេសចរ​អន្តរជាតិ​ជាង ១,៨ លាននាក់ កើនឡើង ជិត ១០% ក្នុងនោះទេសចរ​វៀតណាម មាន ២៦ ម៉ឺននាក់ កើនឡើងជាង ១% ប៉ុណ្ណោះ ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០១៨។

តាមការព្យាករណ៍របស់​ក្រសួង​ទេសចរណ៍ នៅឆ្នាំ ២០២០ កម្ពុជានឹង​អាចទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧លាននាក់ ជាមួយនឹង​ចំណូល​សរុប​ប្រមាណ ៥ពាន់លានដុល្លា ​និងបង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​ជិត ១លាននាក់។

ដោយឡែក យោងតាម​របាយការណ៍ ពីគយវៀតណាម ដែលបានចេញ​ផ្សាយថ្មីៗនេះ បានឲ្យដឹងដែរ​ថា ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេល ៥ខែ ដំបូងឆ្នាំ ២០១៩នេះ សម្រេច​បានទំហំ​ទឹកប្រាក់ ជាង ២.៣០០ លានដុល្លារ​អាមេរិក ខណៈដែល ៥ខែ ដំបូងឆ្នាំ ២០១៨ មានតែ​ប្រមាណ ២.០០០ លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពោលគឺ មានការកើនឡើង​ប្រមាណ ៣០០ លានដុល្លារអាមេរិក។ បន្ថែមពីនេះ រដ្ឋាភិបាល​ប្រទេសទាំងពីរ ក៏ធ្លាប់​បានប្តេជ្ញា​រួមគ្នា​ផងដែរថា នឹងបង្កើនទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបានដល់ ៥ ពាន់លាន​ដុល្លារ​អាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ។

មិនតែប៉ុណ្ណោះ វៀតណាម ត្រូវបានគេ​ចាត់ទុកថា ជាប្រទេស​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី៣ របស់កម្ពុជា ដែលទំហំ​ពាណិជ្ជកម្មទ្វេភាគី មានកំណើន​ប្រមាណ​ជិត ១០ %ក្នុងមួយឆ្នាំៗ៕

_



អត្ថបទបន្ទាប់


កម្ពុជា វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារ នៅ៥ខែ ដំបូងឆ្នាំនេះ

៥ខែ ដំបូងឆ្នាំ ២០១៩នេះ ប្រទេសកម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារអាមេរិក ខណៈដែល ៥ខែ ដំបូងឆ្នាំ ២០១៨ មានតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ