ព្រលានយន្តហោះភ្នំពេញ

តើនៅក្នុងរយៈពេល៦៦ឆ្នាំព្រលានយន្តហោះភ្នំពេញ បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា?


អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលពលរដ្ឋភាគច្រើនហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទប្រតិបត្តិការរបស់ខ្លួននៅយប់ថ្ងៃទី៨ រំលងអធ្រាត្រឈានចូលទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបើកប្រតិបត្តិការអស់រយៈពេល៦៦ឆ្នាំកន្លងមក។ អាកាសយានដ្ឋានអន្តរជាតិដ៏ចំណាស់នេះបានឆ្លងកាត់ភាពជូរចត់ និងស្ថានការណ៍សព្វបែបយ៉ាងណា និងបានហែលឆ្លងសម័យកាល លន់ ណុល និងរបបខ្មែរក្រហមផងដែរ។ តើនៅក្នុងរយៈពេល៦៦ឆ្នាំព្រលានយន្តហោះភ្នំពេញ បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា?
ព្រលានយន្តហោះភ្នំពេញ
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ សាស្ត្រាចារ្យសេដ្ឋកិច្ចបានគូសបញ្ជាក់ថា នៅក្នុងប្រតិបត្តិការរយៈពេល៦៦ឆ្នាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់កម្ពុជាជាមួយពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺព្រលានយន្តហោះដ៏ចំណាស់នេះបានជួយទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ក្នុង១ឆ្នាំៗ និងបានជួយស្រូបទាញគម្រោងវិនិយោគថ្មីៗពីបរទេសចូលមកកម្ពុជារាប់រយរាប់ពាន់គម្រោង ដែលជាចលករដ៏សំខាន់មួយក្នុងការជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា នឹងក្លាយជាច្រកទ្វារកាន់តែទូលំទូលាយក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគពីបរទេស ហើយនឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងប្រកបដោយសក្ដានុពលនៅក្នុងតំបន់ផងដែរ។

ជាមួយគ្នានេះលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានឆ្លងកាត់ការបម្រើសេវាហោះហើរអស់ជាច្រើនជំនាន់ក្នុងរយៈពេលប្រមាណ៦៦ឆ្នាំកន្លងមកនេះ ជាស្ពានចម្លងដល់ជាតិសាសន៍នានាទៅគ្រប់តំបន់នៅលើពិភពលោក និងបានរួមចំណែកក្នុងការផ្សាភ្ជាប់វិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មទៅវិញទៅមកប្រកបដោយសន្តិភាព។ ទន្ទឹមនឹងជួយចម្លងភ្ញៀវទេសបរទេសពីប្រទេសនានារាប់លាននាក់មកកាន់ប្រទេសកម្ពុជា អាកាសយានដ្ឋានលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតានេះ ក៏បានផ្ដល់ផលប្រយោជន៍ទាំងផ្ទាល់ និងប្រយោលដល់ពលរដ្ឋជាច្រើនផងដែរ។

ដោយឡែកលោកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ដែលមានអនុស្សាវរីយ៍ជាង១០ឆ្នាំនៅក្នុងព្រលានយន្តហោះនេះ បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាទីតាំងដ៏សំខាន់នៃការចាប់ផ្ដើមបើកសេដ្ឋកិច្ចរបស់កម្ពុជា។ លើសពីនេះអាកាសយានដ្ឋានអន្តរជាតិ ដែលជាច្រកអន្តរជាតិដ៏សកម្មរបស់កម្ពុជានេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបម្រើដល់វិស័យដឹកជញ្ជូន និងទេសចរណ៍រហូតធ្វើឱ្យកម្ពុជាទទួលបានការរីកចម្រើនមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង បានបើកប្រតិបត្តិការអស់រយៈពេលប្រមាណ៦៦ឆ្នាំហើយ។ អាកាសយានដ្ឋានដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតានេះ បានឆ្លងកាត់ជាច្រើនសម័យកាលរួមទាំងសម័យលន់ ណុល និងសម័យខ្មែរក្រហមផងដែរ។ អាកាសយានដ្ឋានអន្តរជាតិដែលសាងសង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ នេះ នឹងបិទប្រតិបត្តិការហោះហើរនៅយប់ថ្ងៃទី៨ រំលងអធ្រាត្រឈានចូលទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់បក្សភូមិចៃថៃ អាចបន្តជំហរដូចបច្ចុប្បន្ន ឬបន្ទន់ឥរិយាបថលើបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា?

រដ្ឋសភាថៃបានសម្រេចជ្រើសរើសលោក អានុទីន ឆានវីរៈគុល ដែលជាអ្នកជំនួញ និងជាសេដ្ឋីមួយរូបនៅក្នុងប្រទេសថៃឱ្យដឹកនាំរដ្ឋាភិបាលថៃជំនួសលោកស្រី ផែថង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ