
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានវាយតម្លៃថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា ក្នុងរយៈពេលប្រមាណ៦ខែ ឆ្នាំ២០២៥ មានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន ក្រោយកម្ពុជា បានបង្កើនការផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់ពិភពលោក និងបានបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កាន់តែប្រសើរ។ តែយ៉ាងណា អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយកម្ពុជា និងថៃ មានបញ្ហាជម្លោះព្រមដែនជាមួយគ្នាមក គឺបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ចរន្តភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅកម្ពុជា ជាពិសេសនៅក្រោយពេលមានផ្ទុះសង្រ្គាមរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលធ្វើឱ្យកញ្ចប់ដំណើរកម្សាន្តនានា ដែលចូលមកកម្ពុជា ឆ្លងកាត់ប្រទេសថៃ ត្រូវបានលុបចោលទាំងស្រុង។ ប្រធានសមាគមរូបនេះ ជឿជាក់ថា បើស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ មិនអាចបិទបញ្ចប់ឆាប់ទេនោះ កម្ពុជានឹងមិនអាចសម្រេចផែនការស្រូបទាញភ្ញៀវទេសចរបរទេសឱ្យបានជាង៧លាននាក់នៅឆ្នាំនេះ តាមការរំពឹងទុកនោះទេ។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរកម្ពុជា បានត្រឡប់មករកភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់នៅដើមឆ្នាំនេះ ប៉ុន្តែដោយសារបញ្ហាសង្រា្គម និងជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ បានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទំនងមិនអាចដោះស្រាយបញ្ចប់បានលឿននោះទេ ដូច្នេះហើយចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់ចន្តរភ្ញៀវទេសចរបរទេស ដែលចូលមកម្សាន្តនៅកម្ពុជា នាចុងឆ្នាំនេះ ដ្បិតថា ការកក់កញ្ចប់ដំណើរកម្សាន្តចូលមកកម្ពុជា រួមជាមួយថៃ នៅរយៈពេល៣ខែ ឬ៦ខែខាងមុខ ត្រូវបានលុបចោលជាបន្តបន្ទាប់។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណជាង៣លាន៣សែននាក់ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កន្លងមករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ យ៉ាងហោចណាស់ពី៧,២លាននាក់ ទៅ៧,៥លាននាក់ នៅឆ្នាំ២០២៥នេះ៕